ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា តំណាងការិយាល័យទេសចរណ៍ប៉ាតាយ៉ាបានចង្អុលបង្ហាញពីស្ថានភាពទេសចរណ៍ និងការរីកលូតលាស់របស់ទីផ្សារទេសចរណ៍ បន្ទាប់ពីប្រទេសនានាបានបន្ធូរបន្ថយវិធានការកូវីដ ហើយបើកឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅប្រទេសតាមធម្មតា ។

តាមរបាយការណ៍ស្ទង់មតិផ្នែកទេសចរណ៍ឆ្នាំ២០២២ថា ខេត្តឈុនបុរីបានទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលជំងឺកូវីដ និងទទួលប្រាក់ចំណូលចម្បងពីភ្ញៀវទេសចរអន្តរជាតិ ។ ភ្នាក់ងារពាក់ព័ន្ធជាច្រើនបានព្យាយាមគាំទ្រការដើរកម្សាន្តក្នុងប្រទេស រហូតធ្វើឱ្យខេត្តឈុនបុរីទទួលបានភ្ញៀវទេសចរថៃជាច្រើនកាលពីឆ្នាំមុន ជាពិសេស ពេលឈប់សម្រាកយូរថ្ងៃ និងថ្ងៃបុណ្យជាតិនានា ។Visit Pattaya Beach in Pattaya | Expedia

ជាក់ស្តែង ក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ឃើញថា មានភ្ញៀវទេសចរអន្តរជាតិត្រឹម១,៣លាននាក់ប៉ុណ្ណោះ រីឯភ្ញៀវទេសចរជាតិស្មើរហូតដល់១២,៥លាននាក់ ខណៈខេត្តឈុនបុរីជាតំបន់មានភ្ញៀវទេសចរជាតិមកកម្សាន្តច្រើនបំផុតស្ថិតក្នុងលំដាប់ទី១ បន្ទាប់មកគឺភូកេត ។

ទោះយ៉ាងណា ក្នុងឆ្នាំ២០២៣នេះ គេជឿថា វិធានការបន្ធូរបន្ថយកូវីតរបស់ប្រទេសនានា នឹងធ្វើឱ្យវិស័យទេសចរណ៍ខេត្តឈុនបុរីល្អប្រសើរឡើងវិញ ខណៈបច្ចុប្បន្ន មានភ្ញៀវទេសចររុស្ស៊ី និងឥណ្ឌាធ្វើដំណើរមកកម្សាន្តច្រើនឡើង ។ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៣ គេសង្ឃឹមថា ភ្ញៀវទេសចរចិននឹងត្រឡប់មកកម្សាន្តខេត្តឈុនបុរីវិញ ដូចគ្នាជាមួយភ្ញៀវទេសចរពីម៉ាឡេស៊ី ឡាវ វៀតណាម សិង្ហបុរី និងប៉ែកអឺរ៉ុប ។Pattaya, Thailand - Beyond Phuket - Phuket.Net

តំណាងការិយាល័យទេសចរណ៍ប៉ាតាយ៉ាបង្ហាញទៀតថា ទោះជាការត្រឡប់មករបស់ភ្ញៀវទេសចរអន្តរជាតិល្អប្រសើរក្តី តែស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរទេសចរណ៍ថៃ នៅតែផ្តល់ភាពសំខាន់ចំពោះភ្ញៀវជាតិ ។ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជា ការរៀបចំព្រឹត្តិការណ៍នានាប្រចាំឆ្នាំរបស់ក្រុងប៉ាតាយ៉ា ការលើកកម្ពស់ទេសចរណ៍លក្ខណៈគ្រួសារ និងលើកកម្ពស់ទេសចរណ៍ផ្តោតលើវប្បធម៌ ជាពិសេស រៀបចំការប្រជុំនិងសិក្ខាសាលាដើម្បីបំពេញផ្នែកខ្វះខាត ៕

ប្រភព ៖ mgronline