សហរដ្ឋអាមេរិក ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីកាសែត The Times-Picayune និង The New Orleans Advocate បញ្ជាក់ថា បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Randall Reid អាយុ២៨ឆ្នាំ ត្រូវបានជាប់គុកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក នៅរដ្ឋ Georgia ពីបទលួចកាបូបប្រណីតនៅក្រុង Jefferson Parish រដ្ឋ Louisiana របស់អាមេរិក ។
លោក Tommy Calogero ជាមេធាវីរបស់បុរសខាងលើ ថ្លែងថា ដោយសារការភ្នាត់ស្នៀតរបស់បច្ចេកវិទ្យាចាំផ្ទៃមុខ ធ្វើឱ្យលោក Randall ត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយបានដោះលែងវិញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ។ Randall ជាបុរសស្បែកខ្មៅ ហើយមនុស្សម្នាជាច្រើនចាប់អារម្មណ៍ពីបច្ចេកវិទ្យាចាំផ្ទៃមុខ ដែលធ្វើឱ្យអ្នកស្បែកខ្មៅប្រឈមនឹងការចាប់ខ្លួនជាងស្បែកស ។
ប៉ូលិសនៅក្រុង Jefferson មិនបានឆ្លើយតបសំណួររបស់សារព័ត៌មាន The Times-Picayune និង The New Orleans Advocate អំពីការចាប់ឃុំខ្លួនបុរសខាងលើ និងការដោះលែងឡើយ ។ បច្ចេកវិទ្យាចាំផ្ទៃមុខនេះបានប្រឈមនឹងការរិះគន់ជាច្រើន ដែលធ្វើឱ្យមានការបារម្ភក្នុងរឿងផ្ទាល់ខ្លួន ហើយតាមការសិក្សាមួយចំនួនថា វាមាននិន្នាការកំណត់អត្តសញ្ញាណមនុស្សស្បែកខ្មៅច្រើនជាងស្បែកស ដែលធ្វើឱ្យចាប់មនុស្សខុស ។
បើតាមប៉ូលីសនៅទីក្រុង New Orleans និយាយថា បច្ចេកវិទ្យានេះអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកតម្រុយតែប៉ុណ្ណោះ ។ ទោះយ៉ាងណា ច្បាប់កំណត់ប្រើប្រាស់បច្ចេកវិទ្យាចាំផ្ទៃមុខ ត្រូវបានគេបញ្ជាឱ្យផ្អាកការប្រើប្រាស់ក្នុងកិច្ចប្រជុំសភានៅឆ្នាំ២០២១ ៕ ប្រភព ៖ sanook










