បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បានរៀបចំបំផ្លាញ និងកប់សាច់ជ្រូកដែលគេរកឃើញថារត់ពន្ធខុសច្បាប់ចំនួន ៧០០,០០០ គីឡូក្រាម ដែលជាសាច់ជ្រូកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ និងមានតម្លៃ ១២៣ លានបាតឬ ស្មើរនឹង 3,707,499 ដុល្លារ នៅក្នុងខេត្ត ភេទចា បុរី(Phetchaburi)។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣  លោកបណ្ឌិត ឆា ឡើម ឆៃ សិ អន (Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបំផ្លាញ និងកប់សាច់ជ្រូករត់ពន្ធខុសច្បាប់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណីសត្វ ក្នុង ស្រុក ឆា អាម (Cha-am ) ខេត្ត ភេទចា បុរី (Phetchaburi) ជាមួយភ្នាក់ងារក្រោមឱវាទជាច្រើនរូបផ្សេងទៀត។

បើតាមប្រភពដដែលបានឱ្យដឹងថា ការបំផ្លាញសាច់ជ្រូក ក៏ដូចជាសាច់ផ្សេងៗជាច្រើនទៀត មានទម្ងន់ដល់ទៅ 723,786 គីឡូក្រាម ដែលមានតម្លៃ ១២៣ លានបាត ឬស្មើរនឹង 3,707,499 ដុល្លារ ដែលតម្រូវឱ្យមានការដឹកជញ្ជូនមកកាន់ទីតាំងបំផ្លាញចោល ចំនួន ៣៥ ជើងនៃរថយន្តកុងតឺន័រធំៗចំនួន ៣។

ជាមួយគ្នានោះនាយកដ្ឋាន អភិវឌ្ឍន៍ បសុសត្វ និង ស្ថាប័នពាក់ព័ន្ធក៏បានសហការគ្នាអនុវត្តច្បាប់ ក្នុងករណីមានការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង និងកាត់ទោសដល់អ្នករត់ពន្ធ គ្រឿងក្នុងសត្វ ព្រមទាំងសាច់គ្រប់ប្រភេទ ជាពិសេសគឺសាច់ជ្រូក។

យ៉ាងណាមិញលោកបណ្ឌិត Chalermchai Sri-on ក៏បាននិយាយបន្ថែមថា ការបង្ក្រាបការនាំចូលសាច់ជ្រូកខុសច្បាប់នេះគឺដើម្បីការពារអ្នកប្រើប្រាស់ ពីព្រោះសាច់ជ្រូក និង សាច់ផ្សេងៗទៀតដែលរត់ពន្ធដោយគ្មានការត្រួតពិនិត្យអាចបង្កឱ្យកើតជំងឺដល់សត្វ និង គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបំផ្លាញយន្តការតម្លៃជ្រូកក្នុងស្រុក បង្កការខូចខាតយ៉ាងសម្បើមដល់ប្រព័ន្ធចិញ្ចឹមជ្រូករបស់ប្រទេសថៃ។

និងចង់ឱ្យកសិករ ក៏ដូចជាអ្នកប្រើប្រាស់មានទំនុកចិត្តថា ក្រសួងកសិកម្ម និងសហករណ៍បានការពារយ៉ាងពេញលេញនូវមុខរបររបស់កសិករ ព្រមទាំងសុខភាពអ្នកប្រើប្រាស់យ៉ាងយកចិត្តទុកដាក់ ដោយមន្ត្រីពាក់ព័ន្ធនឹង ប្រតិបត្តិការយ៉ាងខ្លាំងក្លាលើចំណាត់ការមួយនេះបន្ត៕ ប្រភព៖ Thaich8