ប្រទេសចិន ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា បច្ចុប្បន្ន នៅតាមមន្ទីរពេទ្យឯកជននានានៅក្រុងហុងកុងនិងថៃ កំពុងតែទទួលភ្ញៀវទេសចរចិនជាច្រើននាក់ ដោយពួកគេបានមកចាក់វ៉ាក់សាំង mRNA និងវ៉ាក់សាំងផ្សេងទៀត ក្រោយពីចិនបើកប្រទេសរបស់ខ្លួន និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដកាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

ក្នុងកិច្ចសម្ភាសន៍អ្នកដំណើរម្នាក់ឈ្មោះ Yoyo Liang អាយុ៣៦ឆ្នាំ មកពីទីក្រុងប៉េកាំងថា នាងបានធ្វើដំណើរពីក្រុងប៉េកាំងទៅក្រុងហុងកុង ដើម្បីមកកម្សាន្តផង និងចាក់វ៉ាក់សាំងការពារជំងឺកូវីដផង ។ នាងបានមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងហុងកុង ដោយចំណាយប្រាក់អស់១.៨៨៨ដុល្លារហុងកុង (ស្មើប្រមាណ២៤២ដុល្លារអាមេរិក) ។Chinese travelers ready to flock overseas for Western mRNA vaccines

នាងបន្តថា នាងបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់រួចហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ តែនាងត្រូវការចាក់វ៉ាក់សាំងដុសជំរុញ mRNA ដូច្នេះ នាងក៏សម្រេចចិត្តធ្វើដំណើរមកក្រុងហុងកុង ។

លោក Lam Wingho សមាជិកគណៈកម្មការវិទ្យាសាស្ត្រហុងកុងឱ្យដឹងថា តាមការសិក្សានាពេលថ្មីៗនេះរំពឹងថា ជនជាតិចិនជាច្រើននាក់ទៀតនឹងធ្វើដំណើរមកកាន់ក្រុងហុងកុងដើម្បីកម្សាន្តផង និងចាក់វ៉ាក់សាំងដុសជំរុញផង ហើយមានពលរដ្ឋហុងកុងជាច្រើននាក់សួរលោកថា តើពួកគេអាចនាំបងប្អូនពីចិនមកចាក់វ៉ាក់សាំងនៅទីនេះបានឬអត់ ។Chinese Travellers Rushing To Hong Kong For mRNA Covid Vaccines: Report

លើសពីនេះ ថៃក៏ជាប្រទេសមួយដែរសម្រាប់ភ្ញៀវទេសចរចិនមកកម្សាន្ត និងត្រូវការចាក់វ៉ាក់សាំង ។ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ធ្លាប់បានថ្លែងកាលពីខែធ្នូថា ក្រសួងកំពុងពិចារណាស្នើសុំវ៉ាក់សាំងដុសជំរុញដើម្បីចាក់ឱ្យភ្ញៀវទេសចរអន្តរជាតិមិនគិតប្រាក់ ហើយនយោបាយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវចិន ។ នយោបាយរបស់ថៃ មិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែជនបរទេសក៏អាចជ្រើសរើសចាក់វ៉ាក់សាំងជាច្រើនប្រភេទនៅថៃផងដែរ ។

Goldman Sachs ជាធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ពីលទ្ធផលស្ទង់មតិរបស់ខ្លួននៅថ្ងៃទី២៧ ធ្នូថា ការបើកប្រទេសរបស់ចិននឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ហុងកុង និងថៃ ទទួលបានប្រយោជន៍ខ្លាំងបំផុត ៕

ប្រភព ៖ 3plus News