ប្រទេសថៃ៖ ការិយាល័យឧទ្យានជាតិនៃប្រទេសថៃ បានលាតត្រដាងសម្រស់នៃ Pha Cho ដែលជាច្រាំងថ្មធម្មជាតិដ៏អស្ចារ្យ ដែលវាបានកើតឡើងដោយខ្យល់បក់បោក និង ភ្លៀងធ្លាក់ រហូតដល់វាក្លាយជាគំរូដ៏ចម្លែកនៃផ្ទាំងល្បាក់ដីដ៏ប្លែង និងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងឧទ្យានជាតិ Mae Wang នៃខេត្ត Chiang Mai។

តំបន់នៃច្រាំងថ្មធម្មជាតិ Pha Chor មានទីតាំងនៅស្រុក Doi Lo ខេត្តឈៀងម៉ៃ ដែលគ្រប់គ្រងដោយឧទ្យានជាតិ Mae Wang ។ ពិតណាស់វាមើលទៅដូចជាជញ្ជាំង និងសសរថ្មដ៏ធំមួយមានកម្ពស់ ប្រហែល ៣០ ម៉ែត្រ មានទទឹងរាប់រយម៉ែត្រ ជាមួយនឹងរូបរាង និងលំនាំដីដ៏ចម្លែក ដែលជាបាតុភូតធម្មជាតិ បណ្តាលមកពីខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ រហូតបណ្តាលឲ្យមានចម្លាក់ថ្មភ្នំជាផ្ទាំងធំ។
ក្នុងនោះគេជឿថាផ្ទាំងថ្មដ៏ចម្លែកនេះបានកើតឡើងរាប់រយឆ្នាំមុន ឬមួយពាន់ឆ្នាំមុន និងការវិវត្តរូបរាងម្ដងបន្តិចៗ រហូតជាលទ្ធផល វាក្លាយជារូបចម្លាក់ថ្មភក់ពណ៌ទឹកក្រូចក្រហម លំនាំដ៏ស្រស់ស្អាត មើលទៅដូចជា Petra នៃប្រទេសហ្ស៊កដានី ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក។
យ៉ាងណាមិញសម្រាប់អ្នកដំណើរកំសាន្តទៅលេងតំបន់នៃច្រាំងថ្មធម្មជាតិ Pha Chorនេះ នៅពេលដែលអ្នកបានទៅដល់ចំណតរថយន្តដែលផ្តល់ដោយឧទ្យាននេះរួច លោកអ្នកត្រូវដើរប្រហែល ៥០០ម៉ែត្របន្ថែមទៀតតាមរយៈផ្លូវលំធម្មជាតិដែលរួមមានការដើរតាមដងអូរស្ងួត និងដើរឡើងភ្នំទៅកាន់ Pha Choដោយផ្ទាល់។

ជាមួយគ្នានោះអ្នកដំណើរត្រូវតែរៀបចំខ្លួនប្រាណឱ្យបានរួចរាល់ រួមទាំងសម្លៀកបំពាក់ ស្បែកជើងឱ្យសមស្របក្នុងការធ្វើដំណើរឱ្យមានភាពងាយស្រួល ដោយសារតែផ្លូវគឺកខ្វក់ អាកាសធាតុគឺក្តៅណាស់។ ដូច្នេះសម្រាប់ពេលវេលាដ៏ល្អសម្រាប់ការទៅលេងគឺពេលព្រឹកព្រលឹម ទើបអ្នកទៅដល់គោលដៅនៃទីតាំងជញ្ជាំងច្រាំងថ្មចោទនេះដោយអារម្មណ៍ស្រស់ស្អាត និងអស្ចារ្យដែលលោកអ្នកកម្រនឹងបានមើលឃើញពីមុនមក៕ ប្រភព៖ Sanook















