ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានថ្លែងថា កូរ៉េខាងត្បូងនឹងបំពាក់អាវុធនុយក្លេអ៊ែរក្នុងប្រទេសរបស់ខ្លួន បើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែអាក្រក់ ។
គេហទំព័រព័ត៌មាន KBS របស់កូរ៉េខាងត្បូងរាយការណ៍ថា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី១១ ខែមករា ថា បើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែអាក្រក់ឡើង កូរ៉េខាងត្បូងអាចស្វែងរកអាវុធនុយក្លេអ៊ែរ ឬបំពាក់អាវុធនុយក្លេអ៊ែរឈរជើង ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមករា ជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២៣នេះ ជាមួយក្រសួងការបរទេស និងក្រសួងការពារជាតិកូរ៉េខាងត្បូង លោកប្រធានាធិបតី Yoon បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើនកម្លាំងតាមប្រព័ន្ធ៣យ៉ាង ដែលមានគោលបំណងប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង ។
ផែនការយុទ្ធសាស្ត្របង្កើនសក្តានុពលផ្នែកការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង គឺតាមរយៈប្រព័ន្ធ៣យ៉ាងដូចជា ប្រព័ន្ធដំបូងដើម្បីបំបែកការគំរាមកំហែង, ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល (KAMD) ព្រមទាំងប្រព័ន្ធប្រឆាំង និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ (KMPR) ។ លោក Yoon ថា ប្រព័ន្ធទី៣ (KMPR) គឺសំខាន់បំផុតក្នុងចំណោមប្រព័ន្ធទាំង៣ ដើម្បីរារាំងការបង្កហេតុនានាពីកូរ៉េខាងជើង ។
ទោះយ៉ាងណា លោក Yoon បន្ថែមថា ជម្រើសសម្រាប់ពេលបច្ចុប្បន្ន គឺប្រទេសកូរ៉េខាងត្បូង និងអាមេរិកត្រូវរួមគ្នាដាក់ផែនការ និងអនុវត្តតាមផែនការអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក ៕
ប្រភព ៖ TNN World










