ប្រទេសបារាំង ៖ បារាំងបានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ដែលវាជាផ្នែកមួយនៃផែនការកែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ប៉ុន្តែពលរដ្ឋ៨០% មិនយល់ស្របនឹងផែនការនេះទេ ខណៈសហជីពកម្មករបានណាត់គ្នាធ្វើបាតុកម្មនៅប៉ុន្មានថ្ងៃខាងមុខ ។
នាយករដ្ឋមន្ត្រីបារាំង លោកស្រី Reelisabeth Bourne បានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍ដល់៦៤ឆ្នាំនៅឆ្នាំ២០៣០ ។ ផែនការកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ គឺជានយោបាយចម្បងក្នុងនយោបាយកែទម្រង់របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជំរុញការដឹកនាំកំណែទម្រង់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីបារាំងលើកដំបូងនៅឆ្នាំ២០១៧ ។
ប៉ុន្តែផែនការកែទម្រង់ប្រព័ន្ធចូលនិវត្តន៍របស់លោក Macron ត្រូវបានពន្យារពេលជាច្រើនដង ដែលធ្វើឱ្យមានការធ្វើបាតុកម្ម និងការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឱ្យលោកផ្អាកផែនការនេះនៅឆ្នាំ២០២០ ។ លើកនេះគឺជាការព្យាយាមលើកទី២ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ដែលមិនមែនជារឿងងាយឡើយ ។
ផែនការនេះ ក៏គ្មានការគាំទ្រពីពលរដ្ឋផងដែរ ជាពិសេសមន្ត្រីរាជការ ព្រោះធ្វើឱ្យពួកគេបានទទួលប្រាក់ចូលនិវត្តន៍ និងទទួលផលប្រយោជន៍យឺតយ៉ាវ ខណៈពលរដ្ឋបារាំងត្រូវប្រឈមជាមួយការចំណាយខ្ពស់ក្នុងការរស់នៅ ។ តាមការស្ទង់មតិបង្ហាញថា ពលរដ្ឋបារាំង៤នាក់ក្នុងចំណោម៥នាក់ ឬស្មើ៨០%របស់ពលរដ្ឋបារាំងទាំងអស់ ប្រឆាំងនឹងផែនការនេះ ។
សហជីពកម្មករជាច្រើនកន្លែងមានផែនការធ្វើបាតុកម្មនៅថ្ងៃទី១៩ ខែមករា និងបានណាត់គ្នាពិភាក្សាពីផែនការនេះ ហើយពួកគេនឹងធ្វើបាតុកម្មជាច្រើនដងទៀតដើម្បីប្រឆាំងជាមួយការបង្កើនអាយុចូលនិវត្តន៍ ។
នាយករដ្ឋមន្ត្រី Bourne ដាស់តឿនថា ប្រសិនបើបារាំងមិនធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ទេ វានឹងមានឱនភាពដ៏ធំធេងទៅថ្ងៃអនាគត ។ លើសពីនេះ ការធ្វើកំណែទម្រង់នឹងជួយរក្សាតុល្យភាពថវិកាដែលប្រើសម្រាប់ចូលនិវត្តន៍ និងជួយសន្សំប្រាក់ដល់១៧.៧០០យូរ៉ូក្នុង១ឆ្នាំនៅឆ្នាំ២០៣០ ។
ដំណាក់កាលបន្តទៀត ផែនការបង្កើនអាយុចូលនិវត្តន៍នឹងត្រូវបញ្ជូនទៅរដ្ឋសភា ហើយនឹងទទួលបានការអនុម័តពីរដ្ឋសភាផងដែរ ។ គួរបញ្ជាក់ថា ផែនការខាងលើបានធ្វើឱ្យគណបក្សរបស់លោក Macron បាត់បង់អាសនៈនៅក្នុងសភានៅពេលបោះឆ្នោតកាលពីឆ្នាំមុន ៕
ប្រភព ៖ TNN World










