បរទេស៖ កងទ័ពជើងទឹកអាមេរិករឹបអូសបាន AK-47 ចំនួន ២,០០០ ដើមជាងពីទូកនេសាទមួយគ្រឿង ដែលគេសង្ស័យថាកាំភ្លើងទាំងអស់នេះ នឹងត្រូវដឹកជញ្ជូនប្រគល់ទៅឲ្យពួកក្រុមឧទ្ទាម Houthi របស់ យេម៉ែន។

នាថ្ងៃទី ១២ ខែមករា​ ឆ្នាំ២០២៣ មានសេចក្តីរាយពីសារព័ត៌មាន NBC Newe បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន កងនាវាចរអាមេរិក ប្រទះឃើញទូកនេសាទគួរឲ្យសង្ស័យមួយគ្រឿង ដោយធ្វើដំណើរជិះទូកឆ្លងកាត់ឈូងសមុទ្រ អូម៉ង់ពីអ៊ីរ៉ាក់ ទៅយេម៉ែន។

ជាមួយគ្នានោះគេដឹងច្បាស់ថា ផ្លូវនេះត្រូវបានប្រើជាញឹកញាប់ក្នុងការដឹកជញ្ជូនទំនិញខុសច្បាប់ទៅ កាន់ក្រុមឧទ្ទាម Houthi។

ក្នុងនោះបន្ទាប់ពីការឃាត់ទូក  និងត្រួតពិនិត្យ គេបានរកឃើញជនជាតិយេម៉ែនចំនួន៦នាក់ រួមទាំងកាំភ្លើង AK-47 ចំនួនចំនួន ២,១១៦ ដើមដែលត្រូវបានដឹកជញ្ជូនតាមទូកនេសាទនេះ។ ហើយនាវិកអាមេរិកក៏បានរឹបអូសកាំភ្លើងដ៏ច្រើនសន្ធឹកសន្ធាប់ និងបានធ្វើការឃាត់ខ្លួនមនុស្សទាំង៦នាក់ក្នុងការស៊ើបអង្កេត និងដោះស្រាយបន្ត។ ខណៈគេសង្ស័យថាអាវុធទាំងនេះបានដឹកជញ្ជូន គោលដៅប្រគល់ទៅឲ្យពួកក្រុមឧទ្ទាម Houthi របស់ យេម៉ែន។

គួររំលឹកថាកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កងទ័ពជើងទឹកអាមេរិកក៏ធ្លាប់បានរឹបអូស គ្រាប់រំសេវ ជាង ៥០ តោន ហ្វុយហ្ស៊ីប និង គ្រាប់ រ៉ុក្កែត ពីទូកនេសាទ នៅឈូងសមុទ្រ អូម៉ង់នេះដូចគ្នា។

បន្ថែមពីនោះពួកគេក៏ធ្លាប់ស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងផ្ទុះដ៏ធំរបស់ប្រទេសអ៊ីរ៉ង់នៅលើទូកនេសាទមួយគ្រឿង ដែលធ្វើដំណើរទៅកាន់ប្រទេសយេម៉ែន និងធ្វើការត្រួតពិនិត្យ រកឃើញផ្ទុកសារធាតុផ្ទុះជាង ១៨០ តោនផងដែរ។

ទន្ទឹមនឹងការរឹបអូសនេះផងដែរ ឧត្តមនាវាឯក Brad Cooper មេបញ្ជាការនៃបញ្ជាការកណ្តាល កងនាវាចរទី៥ កងម៉ារីនអាមេរិក និងកងកម្លាំងម៉ារីនចម្រុះ បាននិយាយថា “ការដឹកជញ្ជូន និងការផ្តល់អាវុធនេះគឺជាផ្នែកមួយនៃគំរូការបះបោរដែលកំពុងបន្តពីប្រទេសអ៊ីរ៉ង់”។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីបានកាន់កាប់រដ្ឋធានីសាណារបស់យេម៉ែននៅក្នុងឆ្នាំ ២០១៤ មក ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏បានធ្វើអន្តរាគមន៍នៅឆ្នាំបន្ទាប់ រហូតដល់សង្គ្រាមស៊ីវិលយេម៉ែន ធ្លាក់ក្នុងស្ថានការណ៍ដ៏អាក្រក់ និងនាំឱ្យមានភាពក្រីក្រ ក៏ដូចជាសង្គ្រាម រីករាលដាល ដែលធ្វើឱ្យប្រជាជនទទួលរងគ្រោះ និងរបួសរាប់ម៉ឺននាក់៕ ប្រភព៖ pptvhd36