រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេល៣២៣ គិតត្រឹមថ្ងៃទី១២ ខែមករា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានមើលឃើញនូវកម្រិតបាញ់ផ្លោងកាំភ្លើងធំរបស់កម្លាំងទាហានរុស្ស៊ី បានថយចុះ រហូតដល់៧៥ភាគរយ។
គេហទំព័របណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១១ ខែមករា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានប្រាប់ដល់ CNN ថា ការបាញ់ផ្លោងកាំភ្លើងធំរបស់កម្លាំងទាហានរុស្ស៊ី បានថយចុះយ៉ាងខ្លាំង ដោយកន្លែងខ្លះ ថយចុះ រហូតដល់៧៥ភាគរយ ខណៈសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ បានឈានចូលខែទី១១។
ទោះជាយ៉ាងណា ក្រុមមន្រ្ដីសហរដ្ឋអាមរិក និង អ៊ុយក្រែន នៅតែមិនទាន់មានការពន្យល់ឲ្យច្បាស់លាស់នៅឡើយ។ រុស្សី អាចនឹងលៃលក បែងចែកគ្រាប់កាំភ្លើងធំ ដោយសារតែការផ្គត់ផ្គង់បានធ្លាក់ចុះ ឬ អាចជាផ្នែកមួយ នៃការវាយតម្លៃនូវយុទ្ធសាស្ត្រដ៏ទូលំទូលាយឡើងវិញ នៅក្នុងការប្រឈមមុខនឹងអ៊ុយក្រែន។
ក្រុមមន្រ្ដីសហរដ្ឋអាមរិក និង អ៊ុយក្រែន បានបន្ដ ថា ការថយចុះ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំ ជាភស្ដុតាងមួយផ្សេងទៀត សម្រាប់ការចុះខ្សោយរបស់រុស្ស៊ី នៅលើសមរភូមិ អស់រយៈពេលជិតមួយឆ្នាំមកនេះ។ សកម្មភាពទាំងនេះ ក៏បានកើតឡើង ស្របពេលអ៊ុយក្រែន កំពុងតែទទួលបាននូវការគាំទ្រយោធាយ៉ាងខ្លាំង ពីសម្ពន្ធមិត្តបស្ចិមលោក ជាមួយនឹងការប្រកាសរបស់សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ អំពីការផ្ដល់រថចម្បាំងដ៏ទំនើប ដោយរួមទាំងប្រព័ន្ធការពារដែនអាកាស Patriot សម្រាប់ការពារដែនអាកាស ផងដែរ។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិក ជឿ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនងជាកំពុងទាមទារនូវការគាំទ្រផ្នែកនយោបាយ នៅក្នុងប្រទេស សម្រាប់សង្រ្គាម ដែលគាត់បានរៀបរាប់ តាំងពីការចាប់ផ្ដើមដំបូង ដោយបានកំណត់ «ជាប្រតិបត្ដិការយោធាពិសេស»។
កម្លាំងទាហានរុស្ស៊ី បានរងគ្រោះយ៉ាងខ្លាំង នៅដើមខែមករា នេះ ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានវាយប្រហារ ទៅលើឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅទីក្រុងម៉ាគីអ៊ីវកា (Makiivka) ស្ថិតនៅភាគខាងកើត ប្រទេស ដោយបានបំផ្លិចបំផ្លាញនូវបណ្ដាញផ្គត់ផ្គង់គ្រឿងសឹក និង សម្លាប់ទាហានរបស់រុស្ស៊ី យ៉ាងច្រើន។ ការវាយប្រហាររបស់អ៊ុយក្រែន នាពេលនោះ បានធ្វើឲ្យអ្នកសរសេរប្លុកគ័រ (Blogger) យោធារបស់រុស្ស៊ី ស្ដីបន្ទោសយ៉ាងខ្លាំង ដល់មេបញ្ជាការទទួលខុសត្រូវកម្លាំងទាហាន ដែលទើបនឹងកេណ្ឌបាន នាំទៅផ្ដុំគ្នា ទុកនៅលើទីនោះ។
ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានប៉ាន់ប្រមាណខុសៗគ្នា ជុំវិញការបាញ់ផ្លោងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី ។ សហរដ្ឋអាមេរិក បានអះអាង ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ថយចុះពី២០ ០០០គ្រាប់ ក្នុងមួយថ្ងៃ មកនៅប្រហែល ៥ ០០០គ្រាប់ ក្នុងមួយថ្ងៃ។ ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន បានអះអាង ថា ការបាញ់របស់រុស្ស៊ី បានថយចុះពី ៦០ ០០០គ្រាប់ មកនៅ ២០ ០០០គ្រាប់ ក្នុងមួយថ្ងៃ។ ចំណែក កងទ័ពអ៊ុយក្រែន បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ គិតជាមធ្យម ប្រហែល ចន្លោះពី ៤០០០-៧០០០គ្រាប់ នៅក្នុងរយៈពេល១ថ្ងៃ៕










