បរទេស៖ តាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា ៤៩ ភាគរយនៃផ្ទាំងទឹកកកចំនួន ២១៥,០០០ របស់ពិភពលោក ជាពិសេសផ្ទាំងទឹកកកតូចៗនឹងរលាយបាត់នៅឆ្នាំ ២១០០ ដោយសារការឡើងកំដៅផែនដី។

នាពេលថ្មីកន្លងទៅនេះមានសេចក្ដីរាយការណ៍អំពីការសិក្សារបស់ អ្នកនិពន្ធស្រាវជ្រាវ Regine Hawck បានឱ្យដឹងថា ការសិក្សាបានពិនិត្យមើលផលប៉ះពាល់នៃករណីចំនួន ៤ ចាប់ពី ១.៥, ២, ៣ និង ៤ °C ដោយរំលឹកឡើងវិញថាការកើនឡើងនៃសីតុណ្ហភាពសកលនាំទៅរកការរលាយ និងការបាត់បង់កាន់តែច្រើននៃផ្ទាំងទឹកកក។ នោះមានន័យថាប្រសិនបើអ្នកបន្ថយសីតុណ្ហភាពកើនឡើង អ្នកក៏អាចកាត់បន្ថយការខាតបង់របស់ទឹកកកក្នុងការរលាយដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ សីតុណ្ហភាពសកលជាមធ្យមនាពេលបច្ចុប្បន្ននេះត្រូវបានគេរំពឹងថានឹងកើនឡើង ២.៧ អង្សាសេ ដែលនឹងបណ្តាលឱ្យមានផ្ទាំងទឹកកកនៅអឺរ៉ុបកណ្តាល ប្រទេសកាណាដាភាគខាងលិច អាមេរិក និងនូវែលសេឡង់បានរលាយបាត់ខ្លួនស្ទើរតែទាំងស្រុង។
បន្ថែមពីនោះតួលេខសីតុណ្ហភាពពិភពលោកបច្ចុប្បន្នគឺមិនលើសពី ១.៥ អង្សាសេ ដែលលើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្មដែលប្រទេសអភិវឌ្ឍន៍លើពិភពលោកធ្លាប់បានសន្យាក្នុងកិច្ចព្រមព្រៀងប៉ារីសកាលពីកន្លងទៅ។
ជាមួយគ្នានោះអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ៤៩ ភាគរយនៃផ្ទាំងទឹកកករបស់ពិភពលោកនឹងរលាយបាត់នៅឆ្នាំ ២១០០ខាងមុខ ដែលវានឹងស្មើនឹងប្រហែល ២៦ ភាគរយនៃដង់ស៊ីតេផ្ទាំងទឹកកករបស់ពិភពលោក។ ហើយចំណុចដំបូងគឺជាផ្ទាំងទឹកកកតូចៗ នឹងត្រូវប៉ះពាល់ជាមុនគេ។
យ៉ាងណាមិញអ្នកស្រាវជ្រាវ បានបន្ថែមថា ការឡើងកំដៅផែនដី ១.៥អង្សាសេ នឹងបង្កើនកម្រិតទឹកសមុទ្រជាមធ្យម ៩ សង់ទីម៉ែត្រ ខណៈដែលការកើនឡើង ៤.០ អង្សាសេនឹងបង្កើនកម្ពស់ទឹកសមុទ្រ ១៥ សង់ទីម៉ែត្រ ដែលនេះនឹងបណ្តាលឱ្យមានព្យុះភាគច្រើនកើតឡើង។ រួមទាំងប៉ះពាល់ដល់ធនធានទឹកសាប ដែលប៉ះពាល់ដល់មនុស្សប្រហែលពីរពាន់លាននាក់នៅទូទាំងពិភពលោក៕ ប្រភព៖ Khaosod











