Home ព័ត៌មានអន្តរជាតិ លោក ហ្សេលេនស្គី ដកហូតសញ្ជាតិពីអ្នកនយោបាយអ៊ុយក្រែន៤រូប រួមមានទាំងមិត្តភក្តិរបស់លោក ពូទីន

លោក ហ្សេលេនស្គី ដកហូតសញ្ជាតិពីអ្នកនយោបាយអ៊ុយក្រែន៤រូប រួមមានទាំងមិត្តភក្តិរបស់លោក ពូទីន

104
0

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ បានសម្រេចដកហូតសញ្ជាតិពី អ្នកនយោបាយអ៊ុយក្រែនចំនួន៤នាក់ ក្នុងនោះរួមមានម្នាក់ជាមិត្តភក្តិរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រកាសដូច្នេះថា «ខ្ញុំបានសម្រេចចិត្តដកហូតសញ្ជាតិអ៊ុយក្រែន ពីបុគ្គល៤នាក់ រួមមានឈ្មោះ អាន់ឌ្រី ឡេអូនីដអូវិច ដឺកាច់ (Andriy Leonidovych Derkach), តារ៉ាស់ រ៉ូម៉ាណូវិច កូហ្សាក់ (Taras Romanovych Kozak), រេណាត់ រ៉ាវេលីយ៉ូវវិច គូសមីន(Renat Raveliyovych Kuzmin) និងវិចទ័រ វ៉ូឡូឌីមៀរ៉ូវិច ម៉េដវេដឈុក (Viktor Volodymyrovych Medvedchuk)»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកនយោបាយអ៊ុយក្រែន ជ្រើសរើសមិនបម្រើប្រជាជនអ៊ុយក្រែន តែបម្រើឃាតកដែលចូលមកអ៊ុយក្រែនទៅវិញ សកម្មភាពយើងក៏នឹងសមស្របតាមនោះដែរ»

គួរបញ្ជាក់ថា លោក ម៉េដវេដឈុក ដែលជាមិត្តភក្តិរបស់លោក ពូទីន ធ្លាប់បានដឹកនាំគណបក្សនយោបាយមួយនៅអ៊ុយក្រែន ដែលមាននិន្នាការគាំទ្រវិមានក្រឹមឡាំង។ លោកបានរងការប្រកាន់ពីបទក្បត់ជាតិ មុនពេលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោមក្របខណ្ឌដោះដ្រូរឈ្លើយសឹក។ ចំណែកបុគ្គល៣នាក់ទៀត គឺជាសមាជិកសភាអ៊ុយក្រែន៕