ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

«ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕