បន្ទាយមានជ័យ៖ បន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត អនុញ្ញាតឱ្យក្រុមហ៊ុនកាស៊ីណូត្រូវភ្លើងឆេះទាំងពីរ ជួលក្រុមហ៊ុនរុះរើសំណង់ខ្មោចអគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី និងអគារកាស៊ីណូប៉ោយប៉ែតរីសត មកទល់នឹងព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ អាជ្ញាធរបានរកឃើញទូដែកដាក់លុយ៤០ទូ បន្ទាប់ពីធ្វើកំណាយជាង១សប្តាហ៍…។

សូមរំលឹកថា គ្រោះអគ្គិភ័យមួយបានឆាបឆេះ អគារកាស៊ីណូធំជាងគេនៅក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ដល់២៩ ខែឆ្នូ ឆ្នាំ២០២២ បង្កឱ្យមនុស្ស២៦នាក់បានស្លាប់ និងមនុស្ស៥៧នាក់ទៀត បានរងរបួស។ ហេតុការណ៍ឧបទ្ទវហេតុនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនីនៅជាន់ទី២ និងបានឆេះរាលដាលដល់អគារជាន់ទី១៧ ហើយបន្តឆ្លងរាលតាមស្ពានកាត់ទទឹងផ្លូវចូលទៅអគារកាស៊ីណូមួយទៀតនៅខាងជើងផ្លូវ បណ្តាលឱ្យមនុស្ស២៦នាក់ជាប់គាំងនៅក្នុងអគារកាស៊ីណូរហូតស្លាប់។

យ៉ាងណា អាជ្ញាធរកម្ពុជា-ថៃ បានសហការគ្នាយ៉ាងល្អក្នុងការជួយសង្គ្រោះជនរងគ្រោះដែលនៅរស់រានមានជីវិត និងស្វែងរកសពនៅក្នុងអគារ ដោយបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការបញ្ជាក់ពីអ្នកស្លាប់ពិតប្រាកដ និងអ្នករងរបួសចំនួនពិតប្រាកដពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១​ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៣១ធ្នូផងដែរ។

ដោយឡែក បើយើងក្រឡេកមកមើលការធ្វើកំណាយសំណង់ខ្មោចអគារកាស៊ីណូទាំងពីរឯណេះវិញ អាជ្ញាធរ និងក្រុមហ៊ុនរុះរើ បានបើកយុទ្ធនាការវាយកម្ទេចស្ពានឆ្លងកាត់ទទឹងផ្លូវ និងបានធ្វើកំណាយរកឃើញទូដែកដាក់លុយក្នុងខ្មោចអគារទាំងពីនោះ ដោយថ្ងៃដំបូងរកឃើញ៧ទូដែកធំ និងបានរកឃើញជាបន្តបន្ទាប់ ដោយគិតពីថ្ងៃទី០១ដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ អាជ្ញាធរបានរកឃើញបន្ថែមសរុបទាំងអស់៤០ទូដែក និងបានគាស់ពិនិត្យមើល ឃើញសុទ្ធតែជាក្រដាសប្រាក់បាតទាំងអស់..៕ រាយការណ៍ដោយ៖ ឈុន មករា