ភូមិ “អាត់ស៊ូ” គឺជាភូមិមួយក្នុងចំណោមភូមិទាំង១៥របស់ឃុំសំបូរ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ។ ភូមិស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅ រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក មានចម្ងាយពីក្រុងស្ទឹងសែនជាង៣០គីឡូម៉ែត្រ។

អាត់ស៊ូ គឺឈ្មោះយុវជននៃជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះពេញ ណាកាតា អាត់ស៊ូអុីតូ-ATSUHITO NAKATA ដែលជាអ្នកធ្វើការស្មោះចិត្តរបស់អង្កការសហប្រជាតិ ក្នុងអំឡុងពេលបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvFnuM3RklWG2OPGqPNSl6kTeOP1aB6GaRDBcGxwlBcQgVMA1QAeFXpVcFnjIELw8gqoVwxbmkrGfqlVGumOkzkcQUan0xDNmuu6GFAliwk1a0co4pSKAHvfMlqlOobpbld31UR7qUntWT6lhIci7omj92Ac3oE2tp0tNQxSwL-eGd726HdA9C-tP/s1100/61120f21ad4a8_1628573460_large.jpg

លោក ណាកាតា អាត់ស៊ូអុីតូ កើតនៅថ្ងៃទី១០ មករា ឆ្នាំ១៩៦៨ នៅទីក្រុង អូសាកា ប្រទេសជប៉ុន មានឪពុកឈ្មោះ ណាកាតា តាកិហ៉ិតូ។ លោក អាត់ស៊ូអ៉ីតូ ត្រូវបាន ផ្លាស់ទីលំនៅទៅតាមឪពុកទៅប្រទេសប៉ូឡូញឆ្នាំតាំងពីអាយុ ៨ឆ្នាំ។

អំឡុងពេលលោករស់នៅប្រទេសប៉ូឡូញលោកបានទៅទស្សនាជុំរំពិឃាដអៅស្វីត(Auschwitz) ដែលជាកន្លែងកាប់សម្លាប់ប្រល័យពូជសាសន៍ដោយពួកជ្រុលនិយមណាហ្ស៉ី ធ្វើឱ្យលោកមានភាពរំជួលចិត្តខ្លាំងហើយលោកគិតថា «កើតមកជាមនុស្សដូចគ្នាសោះ ហេតុអ្វីក៏មានភាពសាហាវឃោឃៅបែបយ៉ាងនេះ។ តើខ្ញុំអាចកសាងសង្គមមួយដែល គ្មានសង្រ្គាមបានដោយរបៀបណា? ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារណាមួយ ដែលអាចកសាងសន្តិភាពមួយដ៏ពេញលេញ។ ដូច្នេះខ្ញុំត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យបានខ្ពង់ខ្ពស់។”

ក្រោយពីបញ្ចប់ផ្នែកច្បាស់អន្តរជាតិនៅសកលវិទ្យាល័យអូសាកា លោក អាត់ស៊ូអុីតូ បានសម្ភាសន៍ជាប់ជាបុគ្គលិកស្មោះចិត្តរបស់អ៊ុនកាក់។ នៅឆ្នាំ១៩៩២ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បានចាប់ផ្តើម សហការជាសហគមន៍អន្តរជាតិដើម្បីកសាងសន្តិភាពនៅកម្ពុជាក្រោយរបបខ្មែរ ក្រហមដួលរលំ និងសង្គ្រាមស៊ីវិលអូសបន្លាយជាបន្តបន្ទាប់។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩២ លោកបានមកភ្នំពេញជាមួយមិត្តរួមការងារដទៃផ្សេងទៀត។ លោកបានរៀនភាសាខ្មែរ រយ:ពេល២ខែ និងស្វែងយល់ពីរឿងរ៉ាវខ្មែរក្រហម។ ក្រោយរៀនវគ្គសិក្សាភាសាខ្មែរ រួចលោកត្រូវបំពេញបេសកកម្មនៅខេត្តកំពង់ធំដែលជាចំនុចសមរភូមិក្តៅខ្មែរក្រហម។

លោក អាត់ស៊ូអុីតូ “ខ្ញុំគិតថាថ្វីត្បិតតែខេត្តកំពង់ធំជាខេត្តមួយដែលគ្រោះថ្នាក់ក៏ពិតមែន តែខេត្តមួយនេះប្រាកដជាផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំជាមិនខាន” ។ ក្រោយមក លោកក៏សម្រេចចិត្តទៅបំពេញបេសកកម្មនៅខេត្តកំពង់ធំ។ លោកត្រូវបានចាត់តាំងឲ្យ ទៅស្រុកប្រាសាទសំបូរដើម្បីត្រៀមរៀបចំការងារសម្រាប់ការងារបោះឆ្នោតជាសកល។ ក្នុងពេលបំពេញភារកិច្ចនៅប្រាសាទសំបូរនោះលោកបាននិយាយថា “ការកំណត់ ជោគវាសនាប្រទេសកម្ពុជាគឺមិនមែនធ្វើឡើងតាមរយ:ការកាប់សម្លាប់គ្នា ការបាញ់គ្នា ទៅវិញទៅមកនោះទេ ការកំណត់ជោគវាសនា និងអនាគតប្រទេសកម្ពុជាគឺធ្វើឡើង តាមរយ:ការបោះឆ្នោតជាសកលរបស់អ្នកទាំងអស់គ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-anNu9huJhBKbSXMux0Igm11-83kZVvgH42-Zx9RsNOHzaKGcu-APoFglt7SPRhSKWEomDdsgHbwQ-KZKSbEipaBsxCdhKVn62QAeFROMfMY72d6RrBdzvu003dP1iJoT4uCB6RuAqRkBhlp3FkqqRuhxSwnmY4mkp1Rf_cQqwLXNO-XgphFI1RBj/s1467/61120f1736005_1628573460_large.jpg

ការបោះឆ្នោតបានខិតឈានចូលមកដល់ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមខ្មែរក្រហមបានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ ហើយបញ្ហាអសន្តិសុខ និងភាពចលាចលកាន់តែយ៉ាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃមួយយុវជនជាតិជប៉ុន អាត់ស៊ូ ត្រូវបានទទួលការគំរាមកំហែងថាគេនឹងសម្លាប់លោក តែការគំរាមនេះមិនអាចឲ្យយុវជននេះមិនចុះចាញ់នឹងបោះបង់ការងារដើម្បីសន្តិភាពនៅកម្ពុជាមួយនេះឡើយ។

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ យុវជនស្មោះចិត្តដើម្បីស្វែករកសន្តិភាពសម្រាប់ជនជាតិជប៉ុនរូបនេះត្រូវបានគេបាញ់សម្លាប់ រួមជាមួយយុវជនខ្មែរដែលជាអ្នកបកប្រែម្នាក់ទៀតឈ្មោះលោក ឡាយ សុភាព។ ដែលពេលនោះ អាត់ស៊ូអ៉ីតូ មានអាយុទើបតែ២៥ឆ្នាំតែប៉ុណ្ណោះ។ ដំណឹងនៃការស្លាប់របស់់យុវជនរូបនេះត្រូវបានផ្សព្វផ្សាយទូតាំងពិភពលោក។ មនុស្សម្នាជាច្រើនមានសេចក្តីសោកស្តាយលោកជាខ្លាំង។ វីរភាពរបស់លោក អាត់ស៊ូអ៉ីតូ មានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជននៅក្នុងប្រទេសជប៉ុន។

ការបោះឆ្នោតជាសកលនៅកម្ពុជាបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អត្រាអ្នកបោះឆ្នោតរបស់មណ្ឌលបោះឆ្នោតស្រុកប្រាសាទសំបូរដែលជាកន្លែងដែលលោក អាត់ស៊ូអ៉ីតូ បានបំពេញបេសកកម្មនោះមានចំនួនច្រើនលើសលប់រហូតដល់៩៩ភាគរយ។ នៅក្នុងប្រអប់ឆ្នោតគេបានឃើញមានសំបុត្រជាច្រើនបានសរសេរថា “អាត់ស៊ូ ខ្ញុំនឹងមិនអាចបំភ្លេចវីរភាពរបស់អ្នក ដែលអ្នកបានពលីជីវិតដើម្បីសន្តិភាពនៅកម្ពុជាឡើយ។ សូមអរគុណអ្នកជាអនេកប្បការ”។

ក្រោយពីកូនស្លាប់ទៅ លោក តាកិហុិតុ ដែលជាឪពុករបស់លោកអាត់ស៊ូអ៉ីតុ លោកចង់បន្ត និងសម្រេចបំណង និងឆន្ទះរបស់កូនរបស់លោក លោកបានក្លាយជា ឯកអគ្គរដ្ឋទូតកិត្តិយសសម្រាប់អ្នកស្មោះចិត្តអង្គការសហប្រជាជាតិ។ លោកបានបង្កើត “មូលនិធិណាកាតាអាត់ស៊ូអុីតូ” ហើយចាប់ផ្តើមសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គ្រោះមនុស្សដែលរងគ្រោះដោយសង្គ្រាម។ ប្រជាជននៅស្រុកប្រាសាទសំបូរបានប្រមូលផ្តុំគ្នារស់នៅកន្លែងដែលលោក អាត់ស៊ូអ៉ីតុ បានស្លាប់ ហើយទីកន្លែងនោះត្រូវបានគេបង្កើតទៅជាភូមិមួយដែលដាក់ឈ្មោះថា «ភូមិអាត់ស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxSHLHWvx6c_UC9MCoAvfgQPj8oTU9NFg1PvM_m2bkIQmjeNgPqvUGVnU-DFdpKaiMo2k2t8XOdHrv7s3Bo2TSoJ2BXiZR1az9O-QW1-rHoUauzrS8fJOStkiC76GJI13RSot9luQOpVrfcHbspYoimKOYzt5HhYDzBCevNieTVTdxDLQMVN3gAmAz/s640/61120f16f1e0f_1628573460_large.jpg

នៅឆ្នាំ១៩៩៨ ភូមិអាត់ស៊ូត្រូវបានរងគ្រោះបំផ្លាញដោយសារទឹកជំនន់ លោក តាកិហ៉ិតុ បានជួយសង្គ្រោះភូមិនេះដោយរៀបចំជាស្បៀងអាហារដល់អ្នកភូមិ។ ប៉ុន្តែអ្នកភូមិទាំងនោះបាននិយាយទៅកាន់លោកថា “អ្វីដែលយើងខ្ញុំទាំងអស់គ្នាចង់បានគឺសាលារៀនសម្រាប់កូនៗរបស់ពួកយើង។ យើងខ្ញុំនឹងអរគុណចំពោះលោក ប្រសិនបើលោកកសាងសាលារៀនដល់ពួកយើង ជាជាងលោកឧបត្ថម្ភស្បៀងអាហារដល់ពួកយើង”។ ពេលនោះលោក តាកិហ៉ិតុ ក៏បាននឹងឃើញអត្ថបទកូនរបស់លោកបានសរសេរ “ផ្តល់ឱកាសសិក្សាដល់ពួកគេ ប្រសើរជាងផ្តល់នំប័ុងដល់ពួកគេ!”។

“មូលនិធិណាកាតាអាត់ស៊ូអុីតូ” បានសាងសង់សាលារៀន និងផ្តល់ជំនួយជាច្រើនដល់អ្នកភូមិដែលរស់នៅក្បែរនោះ ដូចជាការធ្វើផ្ទះ ជីក អណ្តូងទឹក កម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្ម និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀត។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៨ សាលារៀនអាត់ស៊ូត្រូវបានកសាងឡើងនៅកន្លែងដែលលោកស្លាប់។ សាលារៀននេះគឺជានិមិត្តសញ្ញាមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ផ្នូរតំណាងរបស់លោក អាត់ស៊ូ ត្រូវបានធ្វើនៅខាងមុខសាលរៀន។ នៅទល់មុខសាលារៀងនោះមានផ្ទះស្នាក់សម្រាប់អ្នកស្ម័គ្រចិត្តទៅធ្វើការងារនៅទីនោះផងដែរ។ នៅឆ្នាំ២០១៨ សាលារៀនេះបានចាប់ផ្តើមវគ្គសិក្សាភាសាជប៉ុន។ សាលាបឋមសិក្សា-អនុវិទ្យាល័យ អាត់ស៊ូ-AUSU Primary-Secondary School បានបង្រៀនកូនខ្មែរនៅតំបន់នោះរហូតដល់មកបច្ចុប្បន្ន៕May be an image of 1 personhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd03b0nEfQL6JfdOyBrLaIxTKlY9gtFunwk7Y3hKWu2s9H-XUqVkfD_jiLfh1KsqckEzh0yNzUIGy7YmN0UovylhAmw0HOAxzkahNA_CrJrhKGXMccJ4evUxH4a8xlvO2d6hQxEVoihGMHL2qiz9vxjUBCM41NA9poqgPuWpYy5G4vljOdeZV2hoLD/s1100/61120f17a7c58_1628573460_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNEFRL46ClKMWZBWA4Q4YOGpYEDWCiI7mBTTd1JDLbctDxcI9flVLgd1Lgi15sCh7BwBDl1Us2m4ifKgeJozPhz_--ts4jFFxkNikiOCYIaOKL4V-EXOoIsuIMu23480kmaUY_Lgg50vXIivGAjrK5pzBSKFKoKexh2NYHvBj_1ER5UusZASm5xmp-/s1100/61120f1ee5263_1628573460_large.jpg