ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិ និងស្ពាន ដែលជាគម្រោងរបស់រាជ រដ្ឋាភិបាល មិនត្រឹមតែបង្កើតបានសមិទ្ធផលបម្រើជាប្រយោជន៍ និងប្រជាជនប៉ុណ្ណោះ ទេ តែក៏រួមចំណែកផ្តល់ការងាររាប់រយកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ជាមួយប្រាក់ឈ្នួល ប្រមាណជា ៥០០ ទៅ ៦០០ដុល្លារក្នុងមួយខែ។

លោក ពុទ្ធា ជាអ្នកបើករថយន្តបែនដឹកដី ដឹកថ្មនៅការដ្ឋានសាងសង់កំណាត់ផ្លូវ ជាតិលេខ៧ ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា លោកបានធ្វើការជាអ្នកបើកបររថយន្តក្នុងការដ្ឋានសាងសង់ផ្លូវជាតិនានាជាមួយក្រុមហ៊ុនចិន រយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

លោក ពុទ្ធា បានឱ្យដឹងថា ពេលចូលធ្វើការអំឡុងឆ្នាំ២០០៨ នោះ លោកទទួលបានប្រាក់ឈ្នួលប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។ តែពេលបច្ចុប្បន្នប្រាក់ ឈ្នួលគោលបានប្រមាណ ៤០០ដុល្លារ ហើយបូកជាមួយប្រាក់ថែមម៉ោងទៀត គឺបានរង្វង់ប្រមាណ ៥០០ ទៅ ៦០០ដុល្លារ។

តាមរយៈប្រាក់ឈ្នួលនេះ បានធ្វើឱ្យលោក ពុទ្ធា​ សល់លុយធ្វើផ្ទះសម្បែង និង មានជីវភាពសមរម្យ។

បើតាមលោក ពុទ្ធា បានឱ្យដឹងថា តាមការដ្ឋានសាងសង់ផ្លូវជាតិនីមួយៗ ដែលសាងសង់ដោយក្រុមហ៊ុនចិន ប្រើប្រាស់កម្មករសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដោយឡែកជនជាតិចិន ជាអ្នកបច្ចេកទេសខ្ពស់។

លោក ពុទ្ធា បានឱ្យដឹងទៀតថា កម្មករដែលធ្វើផ្លូវ បានប្រាក់ឈ្នួលចន្លោះពី ៥០០ ទៅ ៦០០ដុល្លារ ដូចៗគ្នា។

បើតាមលោក ពុទ្ធា ក្នុងពេលដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ មានប្រជាពលរដ្ឋជាច្រើនបានបាត់បង់ការងារធ្វើ តែកម្មករធ្វើផ្លូវនៅតែមានការងារធ្វើជាធម្មតា។ ការងារទាំងនោះ បានធានាដល់ការរស់នៅរបស់ពួកគេ មិនឱ្យជួបការលំបាកផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះចិន បានផ្តល់កម្ចីសរុបជាង ២ពាន់លានដុល្លារហើយ សម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។ ក្នុងនោះផ្លូវមានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានសរុបប្រមាណ ១១ខ្សែ។

តាមរយៈគម្រោងទាំងអស់នេះ បានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួលមួយសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ៕