បរទេស៖ លទ្ធផលពីការក្រុមស្រាវជ្រាវមកពីប្រទេសចិន បានចង្អុលបង្ហាញទៅកាន់ទំនាក់ទំនងរវាងការទទួលទានភេសជ្ជៈប៉ូវកម្លាំង និងការទំពែកតាមលំនាំបុរស ដោយបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងជាកត្តារួមចំណែកបង្កឱ្យមានការបាត់បង់សក់កាន់តែច្រើន។

ការបាត់បង់សក់ និងទំពែកចំពោះបុរស វាគឺជាបញ្ហាសុខភាពពិភពលោកដ៏ធំបំផុតមួយ និងពិបាកក្នុងការថែទាំ ឬជួសជុល ដោយសារតែមានហេតុផលជាច្រើនដែលប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមានកត្តាអំពីហ្សែន អាយុ កម្រិតស្ត្រេស ទម្លាប់អនាម័យ អំពីធម្មជាតិនៃជីវិត និងទាក់ទងនជាមួយអាហារ។

ទោះជាយ៉ាងណាកាលពីពេលថ្មីនេះ មានការសារស្រាវជ្រាវមួយត្រូវបានបោះពុម្ព ដែលបង្ហាញពីទំនាក់ទំនងរវាងការផឹកភេសជ្ជៈប៉ូវកម្លាំង និងការជ្រុះសក់ – ទំពែក ដោយក្រុមស្រាវជ្រាវដែលត្រួតពិនិត្យការស្រាវជ្រាវ បានអះអាងយ៉ាងដូច្នេះថា ភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជាភេសជ្ជៈប៉ូវកម្លាំងជាដើម វានឹងជួយពន្លឿនការជ្រុះសក់ក្នុងចំនោមបុរសវ័យក្មេងលឿនជាងមុន។

ដោយការសិក្សានេះបានធ្វើឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំងបានត្រួតពិនិត្យករណីសិក្សានេះ។ ហើយទិន្នន័យដែលទទួលបានក្នុងការសិក្សាបានមកពីការសិក្សារយៈពេល ៤ ខែលើបុរសវ័យក្មេង​ ១,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៥ ឆ្នាំ។

ជាមួយគ្នានោះអ្នកចូលរួមក្នុងគម្រោងស្រាវជ្រាវនេះ ត្រូវបានកំណត់ពេលទទួលទានភេសជ្ជៈទាំងនេះ ចន្លោះពី ១ ទៅ ៣ លីត្រ ក្នុងមួយសប្តាហ៍ បន្ទាប់មកស្ថានភាពរាងកាយនឹងត្រូវបានវាយតម្លៃ។

ជាលទ្ធិផលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុរសវ័យក្មេងនៅក្នុងក្រុមពិសោធន៍ដែលផឹកភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈអេឡិចត្រូលីត និងភេសជ្ជៈជាច្រើនមុខ រួមទាំងតែកាហ្វេជាមួយនឹងការបន្ថែមនូវេឋរសជាតិផ្អែម ហានិភ័យខ្ពស់នៃការជ្រុះសក់។

បន្ថែមពីនោះនៅចុងបញ្ចប់នៃការពិសោធន៍ ត្រូវបានគេកត់សម្គាល់ឃើញថាអ្នកចូលរួមដែលបាន ពិសាភេសជ្ជៈផ្អែមច្រើនជាងម្តងក្នុងមួយថ្ងៃមានហានិភ័យនៃការជ្រុះសក់ខ្ពស់ជាងអ្នកចូលរួមដែល មិន បានពិសាភេសជ្ជៈផ្អែមដល់ទៅ ៤២ភាគរយ។

ប៉ុន្តែទោះជាយ៉ាងណាវាមិនអាចសន្និដ្ឋានបានទាំងស្រុងថាភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមផ្សេងទៀត គឺជាមូលហេតុផ្ទាល់នៃការជ្រុសសក់ទំពែកនោះឡើយ លើសពីនេះទៀតចំនួនមនុស្សដែលចូលរួមក្នុងការពិសោធន៍ស្រាវជ្រាវនេះដែលមានលទ្ធិផលជ្រុះសក់ ពួកគេក៏មានជីវិតប្រចាំថ្ងៃដែលខុសប្រក្រតី ដូចជាពួកគេបាន បញ្ហាថប់បារម្ភ និងរបបអាហារផងដែរ។

យ៉ាងណាមិញវាអាចទៅរួចដែលមានជាការរួមចំណែកពីភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមទាំងនោះដែលបណ្ដាលឱ្យជ្រុះសក់ ដូច្នេះលោកអ្នកគួរតែទទួលទានភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមដោយមានទំនួលខុសត្រូវ និងមានកម្រិតដែលត្រឹមត្រូវ៕ ប្រភព៖ dailynews