បរទេស៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបករណ៍មួយក្នុងចំណោមឧបករណ៍សម្រាប់ជួយធ្វើការសម្រេចចិត្តឆ្លើយតបបម្រែបម្រួលអាកាសធាតុបន្ទាន់បំផុតនាពេលបច្ចុប្បន្នដែលជាផ្កាយរណប Surface Water and Ocean Topography ឬហៅកាត់ SWOT គេបានបាញ់បង្ហោះកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅចូលទៅក្នុងគន្លងផែនដី ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg។

ជាមួយគ្នានោះគេសង្ឃឹមថា ទិន្នន័យដែលប្រមូលបានដោយ SWOT នឹងជួយអ្នកស្រាវជ្រាវ និងអ្នកធ្វើការសម្រេចចិត្តអំពីអាកាសធាតុដែលកំពុងព្រួយបារម្ភនាពេលបច្ចុប្បន្ន។

ក្នុងនោះគេដឹងថាផ្កាយយរណប SWOT មានបេសកកម្មវាស់កម្ពស់ទឹកជាង ៩០ភាគរយនៃផ្ទៃផែនដី ដែលជាការស្ទង់កម្រិតទឹករបស់ពិភពលោក។

គុណភាពរបស់វាបានបង្ហាញពីលទ្ធិផលដ៏ខ្ពស់ជាលើកដំបូង ដោយអ្នកស្រាវជ្រាវបានពណ៌នាអំពីមុខងាររបស់ផ្កាយរណបនេះថា វាមានបន្ទះធំមួយនៃបង្គោល និង អង់តែនរបស់វា ហើយបន្ទាប់ពីការ ដំឡើងរួចរាល់ បន្ទះនោះនឹងស្រូបពន្លឺព្រះអាទិត្យដែលផ្តល់ថាមពលដល់ផ្កាយរណបដោយជោគជ័យ។

ហើយបេសកកម្មនៃការត្រួតពិនិត្យរបស់ផ្កាយរណបនឹងប្រើប្រាស់ទិន្នន័យតេឡេម៉ែត្រ និងមានកាមេរ៉ាដែលអាចប្ដូរតាមបំណងបានចំនួន ៤ ដែលថតប្រតិបត្តិការរបស់វា បន្ថែមពីនោះបន្ទះរបស់វានឹងស្រូបពន្លឺព្រះអាទិត្យ និងដំណើរការពេញលេញបន្ទាប់ពីបើកភ្លើងប្រហែល ១០ នាទី ហើយការដំឡើងអង់តែនក៏ទទួលបានជោគជ័យក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ ដោយដំណើរការការងារទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាលទ្ធិផល អង់តែនទាំងពីរនៅលើ ផ្កាយរណប SWOT នោះហើយគឺជាឧបករណ៍ដ៏ទំនើបបំផុតរបស់ Ka-band Radar Interferometer (KaRIn) ដែលត្រូវបានរចនាឡើងដើម្បីវាស់កម្ពស់ទឹកនៅក្នុងទឹកសាប និងមហាសមុទ្ររបស់ផែនដីបានយ៉ាងត្រឹមត្រូវ ដែលមានជម្រៅតិចជាង ២០ គីឡូម៉ែត្រនៃមហាសមុទ្រ និងប្រមូលទិន្នន័យនៅលើបឹងនានា ក៏ដូចជាអាងស្តុកទឹកដែលមានទំហំធំជាង ៦២,៥០០ ម៉ែត្រការ៉េ និងទន្លេដែលមានទទឹងជាង ១០០ ម៉ែត្រផងដែរ។

លើសពីនេះវាអាចវាស់ការប្រែប្រួលនៃកម្រិតទឹក មិនថាបឹង ឬផ្នែកនៃមហាសមុទ្រ ដោយជួយកំណត់អត្រាលំហូរនៃទន្លេ ឬល្បឿននៃទន្លេ ចរន្តទឹកសមុទ្រ ដោយធ្វើការវាស់វែងជាមួយនឹងគុណភាពបង្ហាញភីកសែល ៤ គីឡូម៉ែត្រការ៉េ និងមានភាពត្រឹមត្រូវជាមធ្យម ១.៤ សង់ទីម៉ែត្រ ដូច្នេះវាគឺជាផ្កាយរណបដំបូង និងតែមួយគត់ដែលមានសមត្ថភាពផ្តល់ព័ត៌មានបែបនេះលើដែនដី៕ ប្រភព៖ Thairath