ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បណ្ដាសាលើជនចង្រៃដែលបានកាច់បំបាក់ ដើមក្ងោកអស់ជាច្រើនដើម ដែលដាំនៅតាមបណ្តោយឆ្នេរ និងកំពុងលូតលាស់យ៉ាងល្អ។
លោកអភិបាលខេត្តបានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារថា “ដើមក្ងោកដែលដាំនៅតាម បណ្តោយឆ្នេរកំពុងលូតលាស់យ៉ាងល្អ តែត្រូវជនចង្រៃជាតិ កាច់បំបាក់ចោលអស់ជាច្រើនដើម ជននេះអោយជួបតែក្ដីវិនាសអន្តរាយ។មិនចង់ទេ តែទ្រាំមិនបាន»”។
សូមបញ្ជាក់ផងថា ករណីកាច់បំផ្លាញដើមឈើដែលរដ្ឋបាលខេត្តបានដាំលម្អរ នៅតាមផ្លូវក្នុង ក្រុងព្រះសីហនុនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ដោយកន្លងមកក៏មានមនុស្សចង្រៃមួយ ក្តាប់តូច បានដើរដកដើមផ្កាអស់ជាច្រើនគុម្ព ដែលដាំលម្អរតាមសួនច្បារក៏ដូចជានៅតាមសួន ពុះទ្រូងផ្លូវផងដែរ បន្ថែមជាងនេះទៅទៀតក៏មានករណីចោរកម្មលួចកាត់ខ្សែរភ្លើងក្រោមដី តដាក់ភ្លើងបំភ្លឺ ផ្លូវពេលយប់ជាច្រើនលើកនៅតាមបណ្តោយផ្លូវនៅតំបន់ឆ្នេរសមុទ្រអូរត្រេះ និងផ្លូវជាច្រើនខ្សែរផ្សេងទៀត អស់ជាច្រើនរយម៉ែត្រ៕












