ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅតែអាចរក្សាបានភាពខ្លាំង សម្រាប់ការប្រកួតប្រជែងនៅក្នុងស្រុក បន្ទាប់ពីបានយកឈ្នះក្រុម Cambodia Volleyball All Star ដោយលទ្ធផល៣សិតទល់២សិត (៣-២) នៅទីលានបាល់ទះនៃកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៧ ខែមករា ហើយនេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដើម្បីត្រៀមការប្រកួតអន្តរជាតិជាបន្តទៀត ក្នុងដំណើរឆ្ពោះទៅស្វែងរកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ក្រោយការប្រកួតថា៖ “គោលបំណងនៃការប្រកួតនេះ គឺដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ផង និងជាការសមដៃកីឡាករ មុនពេលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ”។

សម្រាប់ទិសដៅ ឈានទៅធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏មានគម្រោងរៀបចំឱ្យក្រុមជម្រើសជាតិបាល់ទះកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិរបស់ប្រទេសផ្សេងៗទៀត ផងដែរ ហើយបើតាមលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ នៅកីឡដ្ឋានព្រីនស៍៕