ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រើប្រាស់ហិង្សា លើក្រុមគ្រួសារ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។
អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រើប្រាស់ហិង្សានោះមាន ប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី។
ជនរងគ្រោះដោយអំពើហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហើយតែគាត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កើតហេតុមន្ត្រីយោធា ដែលជាប្តីបាន រករឿងបគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទើបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាច គាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍ ភ្លាមកម្លាំងកងរាជអាវុធហត្ថបាន មកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមកបានមកឆែកយកកាំភ្លើងវែង២ដើម និបង់ជាច្រើនផងដែរ។
ជនដែលប្រើហិង្សាមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្នធ្វើការនៅ នាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់។
ចុងក្រោយជនរងគ្រោះសូមស្នើដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕










