បរទេស៖ ទីក្រុងតូចមួយរបស់ឥណ្ឌានៅតំបន់ភ្នំហិម៉ាឡៃ កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការដួលរលំបាក់ដី រហូតដល់អាជ្ញាធរត្រូវជម្លៀសប្រជាជនរាប់រយគ្រួសារ ចេញពីតំបន់គ្រោះថ្នាក់។

កាលពីកន្លងទៅថ្មីៗនេះមានសេចក្ដីរាយការណ៍ឱ្យដឹងថា អាជ្ញាធរនៅក្រុង Joshiemath ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌាខាងជើងបានចេញបញ្ជាឲ្យបញ្ឈប់រាល់សកម្មភាពសាងសង់អាគារក្នុងទីក្រុងមួយស្ថិតនៅតំបន់ភ្នំហិម៉ាល័យដោយសារតែមានការរអិលបាក់ដីនៅតំបន់នោះ។
ជាលទ្ធិផលប្រាសាទមួយនៅតំបន់នោះបានរលំ ផ្ទះ និងផ្លូវជាង ៦០០ ខ្នងមានស្នាមប្រេះ និងមានការខូចខាតជាខ្លាំង ហើយមនុស្សចំនួន ៦០គ្រួសារ ដែលស្មើរនឹង ៦០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។
បើតាមសម្ដីរបស់អ្នកស្រុកក្នុងក្រុង Joshiemath បាននិយាយថា ពួកគេបានកត់សម្គាល់ឃើញមានស្នាមប្រេះនៅក្នុងផ្ទះរបស់ពួកគេមួយរយៈ ជាពិសេសក្រោយទឹកជំនន់កាលពីឆ្នាំ ២០២១។
ជាមួយគ្នានោះផងដែរលោក Ranjit Sinha មន្ត្រីជាន់ខ្ពស់នៃការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ បាន និយាយថាមូលហេតុនៃការបាក់នេះអាចជាបញ្ហាប្រព័ន្ធលូ ដែលជាលទ្ធផលទឹកបានជ្រាបហូរចូលក្រោមផ្ទះរបស់ប្រជាជនរហូតដល់ធ្វើឱ្យមានការបាក់ដីដែលជាតំបន់ជំរាលភ្នំ។
គួរបញ្ជាក់ផងដែរថា Joshimath គឺជាទីក្រុងតូចមួយដែលមានមនុស្សប្រហែល ២៥,០០០ នាក់ដែលមានទីតាំងនៅកម្ពស់ ៦,២០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ ប៉ុន្តែវាជាផ្លូវធម្មយាត្រាដ៏សំខាន់សម្រាប់អ្នក កាន់សាសនាហិណ្ឌូ ដោយជារៀងរាល់ឆ្នាំមានអ្នកធ្វើធម្មយាត្រារាប់ម៉ឺននាក់ឆ្លងកាត់ទីក្រុងនេះតាមផ្លូវរបស់ពួកគេទៅកាន់ Badrinath និងទៅកាន់កន្លែងធ្វើធម្មយាត្រាផ្សេងទៀត៕ ប្រភព៖ Thairath











