ប្រទេសចិន៖ USS Chung-Hoon ដែលជានាវាពិឃាតមួយ បំពាក់ដោយប្រព័ន្ធកាំជ្រួចរបស់អាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៣ រហូតចិនបានចេញមុខថ្កោលទោសទៅកាន់អាមេរិកពីទង្វើមួយនេះ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកឱ្យដឹងថា កងនាវាចរទី៧ និងកងនាវាចរប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីការដាក់ពង្រាយ នាវាពិឃាតមីស៊ីលលំដាប់ពិភពលោក USS Chung-Hoon ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
ការធ្វើដំណើរឆ្លកងកាត់នេះគឺដើម្បីគូសបញ្ជាក់ពីជំហរគោលនយោបាយយោធារបស់សហរដ្ឋអាមេរិក ស្តីពីសេរីភាពនៃការល្បាតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណា បើទោះបីជាការធ្វើដំណើររបស់កងទ័ពអាមេរិកលើដែនសមុទ្រតៃវ៉ាន់មិនមែនជាលើកដំបូងក៏ដោយ ប៉ុន្តែស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកត្រូវបានថ្កោលទោសចំពោះទង្វើមួយនេះ។ ហើយក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ឈប់ជាមួយសកម្មភាពដែលវាបង្ហាញពីចេតនាបង្កហឹង្សា និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរផងដែរ៕ ប្រភព៖ Dailynews


.jpg)










