ភ្នំពេញ៖ អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថាជាមហាសេដ្ឋីស្រុកខ្មែរ បានក្រើនរំលឹកកុំឲ្យផឹកស៊ីភ្លេចខ្លួន ព្រោះគ្មានអ្វីពិបាកជាងពេលក្រនោះឡើយ។
ថ្លែងនាពេលសម្ពោធសៀវភៅ អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ នាភ្នំបូកគោ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់បានរំលឹកអតីតកាលដ៏ជូរចត់របស់ខ្លួនជាមួយមិត្តភក្តិ រវាងពេលលោកមានលុយ និងពេលលោកអត់លុយ ពេលមានលុយ ដើរលេងផឹកស៊ីជាមួយគ្នាមួយ យប់អស់៤ជី ៥ជី ទៅ១ដំឡឹង តែដល់ពេលធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅផឹកផង។
មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា សុខ គង់ថា” ខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា ពេលយើងអស់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង”។
យោងតាមឃ្លីបវីដេអូដែលផ្សាយនៅលើទំព័រហ្វេសប៊ុកសារព័ត៌មានស៊ីស៊ីថាមស៍ អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍លើកឡើងពីករណីបុគ្គលដែលចូលចិត្តចាយវាយតែលើការផឹកស៊ីរាល់ថ្ងៃ ហើយពេលខ្លះ ឈានដល់កាប់ចាក់គ្នា និងជំពាក់លុយគេ។
អ្នកឧកញ៉ា ក្រើនរំលឹកជាទូទៅថា “យើងផឹករហូតដល់អត់មានលុយ គេមានផ្ទះ ត្រូវគិតគូរខ្លួនឯង អនាគតយើងនៅយូរអង្វែង”។
អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសូគីម៉ិច, ក្រុមហ៊ុនសុខាអូតែលដែលប្រតិបត្តិគម្រោងវិនិយោគធំៗ ជាច្រើននៅកម្ពុជា បានបញ្ជាក់ថា គ្មានអ្វីដែលពិបាកជាងពេលក្រនោះឡើយ អាក្រហ្នឹងហើយ ពិបាក អត់លុយហ្នឹងហើយ ពិបាក អ៊ីចឹងមនុស្សយើងត្រូវខំប្រឹង ទោះមិនមានធ្វើសេដ្ឋីដូចគេឯង ក៏វាគ្រប់គ្រាន់ដើម្បីជីវភាពប្រចាំថ្ងៃរបស់យើងដែរ៕










