ប្រទេសគុយបា ៖ ស្ថានទូតអាមេរិកនៅក្រុង Havana របស់គុយបា បានចាប់ផ្តើមផ្តល់ទិដ្ឋាការយ៉ាងពេញលេញជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំកន្លងមក ឬតាំងពីឈប់ផ្តល់ឱ្យប្រទេសនេះ ព្រោះមានមន្ត្រីអាមេរិកឈឺដោយគ្មានមូលហេតុ ឬហៅរោគ “Havana Syndrome” ដែលបច្ចុប្បន្ន គ្មានការអធិប្បាយច្បាស់លាស់ឡើយពីមន្ទីរពេទ្យ ។
ស្ថានទូតអាមេរិកបានចាប់ផ្តើមផ្តល់ទិដ្ឋាការដល់ជនអន្តោប្រវេសន៍គុយបា និងធ្វើការផ្នែកកុងស៊ុលយ៉ាងពេញលេញជាលើកដំបូងតាំងពីឆ្នាំ២០១៧មក ដើម្បីព្យាយាមគ្រប់គ្រងជនអន្តោប្រវេសន៍គុយបាចូលមកអាមេរិក ខណៈឆ្នាំកន្លងមក មានចំនួន២៥ម៉ឺននាក់ ។
បរិយាកាសនៃការផ្តល់ទិដ្ឋាការ និងការងារកុងស៊ុលថ្ងៃដំបូងក្នុងរយៈពេល៦ឆ្នាំ គឺកាលពីថ្ងៃទី៤ ខែមករា ដែលមានជនជាតិគុយបាមួយចំនួនមកទាក់ទងធ្វើទិដ្ឋាការតាមការណាត់ជួប ខណៈអ្នកខ្លះមកសុំការណែនាំពីស្ថានទូតរឿងឯកសារ ។ ស្ថានទូតអាមេរិកបានឈប់ផ្តល់ទិដ្ឋាការនៅប្រទេសគុយបាកាលពីឆ្នាំ២០១៧ បន្ទាប់ពីមន្ត្រីទូតអាមេរិកជាច្រើននាក់ឈឺគ្មានមូលហេតុ ដូចជា ឈឺក្បាល រកកលចង់ក្អួត និងការចងចាំចុះខ្សោយជាដើម ។
នៅមុននេះ ពលរដ្ឋគុយបាត្រូវធ្វើដំណើរទៅសុំទិដ្ឋាការអាមេរិកនៅប្រទេស Guyana ជំនូសវិញ ខណៈអាមេរិកផ្តល់ទិដ្ឋាការមានកម្រិតនៅគុយបាកាលពីឆ្នាំ២០២២ ហើយប្រកាសកាលពីខែកញ្ញាឆ្នាំមុនថា នឹងចាប់ផ្តើមបើកផ្តល់ទិដ្ឋាការឡើងវិញយ៉ាងពេញលេញក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងការធ្វើអន្តោប្រវេសន៍របស់ពលរដ្ឋគុយបាដោយសុវត្ថិភាព ត្រឹមត្រូវតាមច្បាប់ និងរៀបរយ ។
កាលពីឆ្នាំ២០២២ មានពលរដ្ឋគុយបាធ្វើអន្តោប្រវេសន៍មកអាមេរិកចំនួន២៥ម៉ឺននាក់ ភាគច្រើនឆ្លងកាត់ផ្លូវគ្រោះថ្នាក់ ឬផ្លូវចង្អៀតតាមរដ្ឋផ្លរីដា ។ ទោះយ៉ាងណា គុយបាបានបន្ទោសពីទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងៗរបស់អាមេរិក ដែលធ្វើឱ្យគុយបាប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងជាមូលហេតុធ្វើឱ្យពលរដ្ឋគុយបាជាច្រើនលួចចូលអាមេរិកខុសច្បាប់ ៕