ប្រទេសស្រីលង្ការ ៖ ស្រីលង្ការបានចាប់ផ្តើមជំរុញវិធានការរឹតត្បិតជាថ្មីកាលពីថ្ងៃទី២ ខែមករា កន្លងមក ដោយផ្អាករើសមន្ត្រីរាជការ ដើម្បីព្យាយាមស្នើសុំការអនុម័តប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
IMF តម្រូវឱ្យស្រីលង្ការរៀបចំគម្រោងបំណុលក្នុងលក្ខខណ្ឌដំបូង ដើម្បីផ្តល់កម្ចីចំនួន២.៩០០លានដុល្លារអាមេរិកជួយស្រីលង្ការ បន្ទាប់ពីប្រទេសនេះខុសថ្ងៃកំណត់សងបំណុលកាលពីខែមេសាឆ្នាំមុន ខណៈស្រីលង្ការធ្លាក់ក្នុងវបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចជា ខ្វះខាតប្រេង អគ្គិសនី និងគ្រឿងឧបភោគបរិភោគ ។
IMF ទាមទារឱ្យប្រទេសនេះចាត់វិធានការរឹតបន្តឹងផ្សេងៗ រួមទាំងឱ្យកាត់បន្ថយចំនួនមន្ត្រីរាជការ ប្រមូលពន្ធក្នុងអត្រាខ្ពស់ទ្វេមួយជាពីរ និងដំឡើងថ្លៃអគ្គិសនី ដោយបានអនុវត្តកាលពីដើមឆ្នាំកន្លងមក ។
ចំណែកការប្រកាសផ្អាកទទួលមន្ត្រីរាជការថ្មីនេះ បន្ទាប់ពីមន្ត្រីរាជការចូលនិវត្តន៍កាលពីចុងខែធ្នូឆ្នាំមុនស្មើ២០.០០០នាក់ ក្រោយពីប្រធានាធិបតីលោក Ranil Wickremesinghe ប្រកាសកាត់បន្ថយអាយុចូលនិវត្តន៍ការងារពី៦៥ឆ្នាំ ចុះមកត្រឹម៦០ឆ្នាំ ដោយគ្មានការប្រកាសជ្រើសរើសមន្ត្រីរាជការថ្មីមកជំនួសឡើយ ។
គួរបញ្ជាក់ថា លោក Ranil Wickremesinghe បានដឹកនាំប្រទេសជំនួសលោក Gotabaya Rajapaksa អតីតប្រធានាធិបតី ដែលត្រូវបានពលរដ្ឋស្រីលង្ការធ្វើបាតុកម្មបណ្តេញចេញពីតំណែង ដោយចោទថា ដឹកនាំប្រទេសដើរខុសផ្លូវ រហូតធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ លោកបានរត់ចេញទៅក្រៅប្រទេស ហើយលាឈប់កាលពីខែកក្កដា ។
លោកប្រធានាធិបតីថ្លែងថា វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្ការមិនបញ្ចប់ទេ ទោះបីផ្នែកដឹកជញ្ជូនងើបឡើងវិញក្តី ។ ប្រេង អាហារ និងជីកសិកម្ម បញ្ហារបស់ពួកយើងនៅមិនទទួលបានការដោះស្រាយទេ ហើយចាំបាច់ត្រូវកាត់បន្ថយបំណុល បើត្រូវការឱ្យប្រទេសនេះរីកចម្រើនទៅមុខ ៕
ប្រភព ៖ TNN World










