បរទេស៖ កាលពីឆ្នាំ ២០២២ គឺជាឆ្នាំនៃភាពតានតឹងនៅឧបទ្វីបកូរ៉េបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង កាំជ្រួចជាកំណត់ត្រា ដូច្នេះចង់ដឹងថាតើលោក គីម ជុងអ៊ុន នឹងធ្វើអ្វីទៀតនៅឆ្នាំ២០២៣នេះ?

បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលបាលីស្ទីកខ្ពស់បំផុត មិនធ្លាប់មានរបស់កូរ៉េខាងជើងកាលពីឆ្នាំ២០២២កន្លងទៅថ្មីៗនេះ យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង និងក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជិត ៩០គ្រាប់ តួលេខនេះគឺខ្ពស់ជាងនៅឆ្នាំ ២០២០ និង ២០២១ ដែលបានបាញ់ត្រឹមតែ១០ គ្រាប់ដែលត្រូវបានសាកល្បង រហូតធ្វើឱ្យ កម្រិតនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះនៅឆ្នាំ២០២២ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រកាសប្រទេសកូរ៉េខាងជើងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ និងធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើតអាវុធនុយក្លេអ៊ែរជាសម្បត្តិជាតិផងដែរ។
ពិតណាស់រឿងដែលបានកើតឡើងចេញពីការដឹកនៃលោក គីម ជុងអ៊ុនក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំមុនធ្វើឲ្យអ្នកវិភាគលើពិភពលោកយកចិត្តទុកដាក់ និងបានបង្ហាញពីការវិភាគថាតើលោកគីម ជុងអ៊ុន នឹងធ្វើអ្វីទៀតនៅឆ្នាំ២០២៣នេះ?
១. បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
បើតាមអ្នកវិភាគជុំវិញពិភពលោកយល់ស្របថា កូរ៉េខាងជើងនៅក្នុងឆ្នាំ០២៣នេះ នឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងអាវុធហាមឃាត់ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ជាដើម។
ដូច្នេះហើយ អ្នកជំនាញសន្មត់ថាឆ្នាំ ២០២៣ នឹងមានអារម្មណ៍ខុសប្លែកពីឆ្នាំ ២០២២ ដោយសារកូរ៉េខាងជើងនឹងបន្តសាកល្បងយ៉ាងខ្លាំងក្លា ចម្រាញ់ និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ហើយការបាញ់មីស៊ីលភាគច្រើននៅឆ្នាំនេះ ប្រហែលជាមិនមែនជាការសាកល្បងទេ ប៉ុន្តែការបណ្តុះបណ្តាល ព្រោះពេលនេះកូរ៉េខាងជើង កំពុងរៀបចំប្រើប្រាស់ កាំជ្រួចពិតប្រាកដ នៅក្នុងជម្លោះដែលអាចកើតមាន។
២. បាញ់បង្ហោះផ្កាយរណបចារកម្ម
បន្តមកទៀតក្នុងបញ្ជីការងាររបស់មេដឹកនាំ គីម ជុងអ៊ុនដែលត្រូវធ្វើក្នុងឆ្នាំ២០២៣នេះក៏មានរួមបញ្ចូលការបាញ់បង្ហោះផ្កាយរណបចារកម្មផងដែរ ដោយកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន មានសេចក្តីរាយការណ៍ថាការធ្វើតេស្តចុងក្រោយទើបតែបានបញ្ចប់ ហើយគេរំពឹងថាវានឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ក្នុងខែមេសា ឆ្នាំ២០២៣ ដោយរួមបញ្ជូលទាំង កាំជ្រួចអន្តរទ្វីប ឥន្ធនៈ រឹង ដែលធ្លាប់ត្រូវបានសាកល្បងនៅពាក់កណ្តាលខែធ្នូកន្លងទៅ។
បញ្ហានេះលោក Ankit Panda អ្នកជំនាញគោលនយោបាយនុយក្លេអ៊ែរនៅមូលនិធិ Carnegie សម្រាប់សន្តិភាពអន្តរជាតិនៅសហរដ្ឋអាមេរិកបាននិយាយថា “នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុតដល់ពិភពលោក” ។
៣.រ៉េខាងជើងសម្រេចចិត្តបើកព្រំដែនរបស់ខ្លួន ជាមួយចិនម្តងទៀត
អ្នកវិភាគបានបន្តទៀតថាក្នុងឆ្នាំ ២០២៣នេះអាចជាឆ្នាំដែលកូរ៉េខាងជើងសម្រេចចិត្តបើកព្រំដែនរបស់ខ្លួន ជាមួយចិនម្តងទៀត ដើម្បីឆ្លើយតបនឹង វិបត្តិកង្វះស្បៀង អាហារ និង ថ្នាំពេទ្យ ក្នុងប្រទេសបន្ទាប់ពីបានបិទព្រំដែនចាប់តាំងពីពិភពលោកបានរងគ្រោះដោយការផ្ទុះឡើងនៃជំងឺកូវីដ។
ពិតណាស់ជាធម្មតាប្រទេសនេះត្រូវបានទិញទំនិញតាមព្រំដែនជាមួយប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន ថ្នាក់ ដឹកនាំ គីម ជុងអ៊ុនបានចេញមកទទួលស្គាល់ជាលើកដំបូងថាប្រទេសកូរ៉េខាងជើងកំពុងជួបប្រទះវិបត្តិស្បៀងអាហារពិតមែន។
ទោះជាយ៉ាងណាការរំពិតទុកពីការបើកប្រទេសនេះផងដែរ វាក៏អាស្រ័យលើស្ថានភាពនៃកូវីដ-១៩ នៅក្នុងប្រទេសចិនផងដែរ ព្រោះប្រសិនបើចិនរកឃើញអ្នកឆ្លងថ្មីរាប់លាននាកក្នុងមួយថ្ងៃ គេរំពឹងថាមេដឹកនាំគីម ជុងអ៊ុនក៏នឹងមិនប្រថុយនាំមេរោគចូលប្រទេសទេ ហើយអាចជ្រើសរើសបន្តបិទព្រំដែន បន្ថែមទៀត ឬ បើកដោយផ្នែកដោយប្រុងប្រយ័ត្ន។

៤.ប្រកាសអ្នកស្នងតំណែង
ទាក់ទងនឹងអ្នកស្នងតំណែង មេដឹកនាំកូរ៉េខាងជើងកន្លងមកមិនដែលមានគម្រោង ឬ ការប្រកាសជា ផ្លូវការថា តើលោក គីម ជុងអ៊ុន នឹងតែងតាំងអ្នកណាជាអ្នកស្នងតំណែងរបស់លោកនោះឡើយ។
ប៉ុន្តែគេសង្កេតឃើញងានៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលលោកបានណែនាំក្មេងស្រីឈ្មោះ គីម ជូអេ “Kim Juae” ជាកូនស្រីកណ្តាលរបស់របស់លោកគីម ជុងអ៊ុន រហូតធ្វើឱ្យពិភពលោកធ្វើការជជែកវែកញែក និងមានការវិភាគផ្សេងៗគ្នា។
ទោះជាយ៉ាងណានេះគ្រាន់តែជាការវិភាគ និងសន្មត់ទុកមុន ដោយអ្នកវិភាគមិនអាចកំណត់ថាតើនៅឆ្នាំ ២០២៣ លោកគីម ជុងអ៊ុន នឹងធ្វើអ្វីឱ្យច្បាស់ ព្រោះពិភពលោកបានដឹងហើយថា ប្រទេសកូរ៉េខាងជើងប្រៀបបាននឹងតំបន់អាថ៌កំបាំងដែលវាពិបាកក្នុងការទាយទុកមុន ហើយប្រទេសនេះតែងតែបង្កើតនូវភាពភ្ញាក់ផ្អើលរហូតពិភពលោកនឹកស្មានមិនដល់៕ ប្រភព៖ pptvhd36











