ប្រទេសចិន ៖ Fujian ជានាវាផ្ទុកយន្តហោះបង្កើតឡើងដោយចិន នឹងត្រៀមសាកល្បងចុះសមុទ្រជាក់ស្តែងនៅឆ្នាំនេះ ដោយសង្ឃឹមថា នឹងអាចពង្រីកសក្តានុពលផ្នែកកងទ័ព និងជានាវាទំនើបមួយរបស់កងទ័ពចិន ។
មេបញ្ជាការរងនៃកងនាវា Fujian ជានាវាទី៣ផ្ទុកយន្តហោះរបស់កងទ័ពចិនបង្ហាញថា វានឹងសាកល្បងចុះក្នុងសមុទ្រជាក់ស្តែងនៅឆ្នាំនេះ ក្រោយពីចិនបង្ហាញនាវាដ៏ធំនៅក្រុងសៀងហៃកាលពីខែមិថុនាឆ្នាំមុន ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនាំចិនជាប្រទេសមហាអំណាចក្នុងពិភពលោកឆ្នាំ២០៤៩ ប្រកាសដោយលោកប្រធានាធិបតី ស៊ី ជិនពីង ខណៈលោកបានលើកពីភាពជោគជ័យរបស់នាវា Fujian ក្នុងឱកាសឆ្នាំថ្មី ដែលធ្វើឱ្យកងទ័ពចិនមានមោទនភាពយ៉ាងខ្លាំង ។
តាមសារព័ត៌មាន Xinhua រាយការណ៍ថា នាវានេះមានទីធ្លាវែងសម្រាប់យន្តហោះចុះចត និងបំពាក់ដោយអាវុធទំនើប ។ វាជាបច្ចេកវិទ្យាថ្មីចុងក្រោយរបស់កងទ័ពផងដែរ ក្រោយពីបានបង្ហាញខ្លួនកាលពី៦ខែមុន ។ នាវាផ្ទុកយន្តហោះ Fujian បានឆ្លងកាត់ការបំពាក់ឧបករណ៍រយៈពេលយូរ រួមទាំងសាកល្បងតួនាទីក្នុងប្រព័ន្ធផ្សេងៗ ។
នាវានេះបង្ហាញខ្លួនឡើង ចាត់ទុកជាគោលដៅចម្បងរបស់កងទ័ពចិន ព្រោះបង្ហាញឱ្យឃើញថា ពេលនេះវិស្វករចិនអាចចេញម៉ូដ និងបង្កើតនាវាទំនើបដោយខ្លួនឯងទាំងអស់ រួមទាំង នាវាពិឃាត នាវាចម្បាំងធុនកណ្តាល និងនាវាផ្ទុកយន្តហោះ វាជាប្រយោជន៍មហាសាលសម្រាប់ឧស្សាហកម្មនាវាចិន ។ អ្នកជំនាញសង្ឃឹមថា ពេលធ្វើការសាកល្បង និងត្រៀមបំពេញភារកិច្ច នាវា Fujian គួរតែទទួលនាទីយ៉ាងសំខាន់ផ្នែកការងារទ័ពចិនជុំវិញកោះតៃវ៉ាន់ ។
រយៈពេលប៉ុន្មានឆ្នាំមកនេះ ចិនបានពង្រីកនាវាចូលទៅកាន់តំបន់ជាច្រើន រួមទាំងមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិកខាងលិច និងបរិវេណឆ្នេរអាហ្វ្រិកផងដែរ ។ បច្ចុប្បន្ន កងទ័ពចិនមាននាវាប្រចាំការសរុប៣៥៥គ្រឿង ។ គេសង្ឃឹមថា នាវាចិននឹងបន្ថែមចំនួនដល់៤២០គ្រឿងក្នុងឆ្នាំ២០២៥ និង៤៦០គ្រឿងក្នុងឆ្នាំ២០៣០ ។ ទោះយ៉ាងណា អ្នកវិភាគព័ត៌មាននានាជឿថា សក្តានុពលកងទ័ពចិនមានគម្លាតគ្នាខ្លាំងពីកងទ័ពអាមេរិក ៕
ប្រភព ៖ TNN World










