បរទេស៖ NASA បានធ្វើការបញ្ចេញទិន្នន័យអំពីទីតាំងនៃសីតុណ្ហភាពទាបបំផុតរបស់ពិភពលោកនៅលើទំព័រ Facebook របស់ខ្លួន ជាមួយនឹងរូបភាពនៃតំបន់ដែលគ្របដណ្ដប់ដោយព្រិលពណ៌សពាសពេញតំបន់។

កាលពីពេលថ្មីៗកន្លងទៅ ទំព័រហ្វេសប៊ុករបស់អង្គការ NASA ដែលទទួលបន្ទុករបស់ទីភ្នាក់ងារអវកាស និងអាកាសចរណ៍ជាតិអាមេរិ បានបង្ហោះរូបភាព និងសារអំពីតំបន់ត្រជាក់បំផុតនៅលើពិភពលោក បន្ទាប់ពីមានការត្រួតពិនិត្យរបស់អង្គការជាមួយនឹងប្រព័ន្ធផ្កាយរណបផ្ទាល់។

ជាមួយគ្នានោះគេហទំព័រនេះបានបញ្ជាក់ថា  តំបន់ដែលមានសីតុណ្ហភាពទាបបំផុតនៅលើផែនដីនាពេលនេះគឺ ជួរភ្នំខ្ពស់ស្ថិតនៅលើខ្ពង់រាបអង់តាក់ទិកខាងកើត រួមជាមួយនឹងការបញ្ជាក់ សីតុណ្ហភាពនៅជួរភ្នំអាចធ្លាក់ចុះដល់ -១៣៥ ° F  ឬប្រហែល -៥៧.២ ° C ក្នុងអំឡុងពេលយប់នៃរដូវរងានេះ។ ដោយសីតុណ្ហភាពនេះសូម្បីតែឥន្ធនៈក៏អាចប្រែទៅជាទឹកកកបានដែរ។

បន្ថែមពីនោះមជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិអាមេរិក បានគេសន្និដ្ឋានស្រដៀងគ្នានេះថា ទីតាំងខ្ពង់រាបអង់តាក់ទិកខាងកើតនេះ គឺជាកន្លែងត្រជាក់បំផុតនៅលើផែនដី បន្ទាប់ពីការវិភាគទិន្នន័យផ្កាយរណបអស់រយៈពេលជាង ៣២ ឆ្នាំកន្លងមក ដែលមានចំណុចដូចជាប្រហោងនៅតំបន់ខ្ពង់រាបនេះ ដោយវាជាចំណុចត្រជាក់បំផុត។

គួររំលឹកថា NASA ក៏ធ្លាប់បានរាយការណ៍ពីកន្លែងត្រជាក់បំផុតនៅលើផែនដីជាលើកដំបូងក្នុងឆ្នាំ ២០១៣ នៅក្នុងតំបន់នេះ និងខ្ពង់រាបដូចគ្នា ដោយបានបង្ហាញថាទីនេះបានក្លាយជាជើងឯកនៃភាពត្រជាក់បំផុតនៅលើផែនដី ជារៀងរាល់ឆ្នាំចាប់តាំងពីរដូវរងារមកដល់។

ទោះជាយ៉ាងណាក៏ដោយ ខ្ពង់រាបនេះមិនមែនជាកន្លែងត្រជាក់បំផុតនៅលើផែនដីដែលមានមនុស្សរស់នៅនោះទេ ប៉ុន្តែទីតាំង និងអាកាសធាតុស្រដៀងគ្នាបែបនេះក៏ធ្លាប់មានស្ថិតនៅក្នុងតំបន់ស៊ីបេរីភាគឦសាននៃ Verkvayansk ក្នុងឆ្នាំ ១៨៩២ និង Omyakon ក្នុងឆ្នាំ ១៩៣៣ ដែលសីតុណ្ហភាពកាលនោះធ្លាក់ចុះរហូតដល់ -៩០ ° F. ឬ -៦៧.៨ ° C ៕ ប្រភព៖ DailyNews