បរទេស៖ ទីភ្នាក់ងារសន្តិសុខរបស់ប្រទេសចិនបានប្រកាសបង្កើនការត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេត ដើម្បីចាប់ខ្លួនជនខិលខូច និងលុបបំបាត់ “ឱសថក្លែងក្លាយ” ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រដែលមិនមានស្តង់ដារ ចំពេលមានការរីករាលដាលថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយ៉ាងច្រើន។

កាលពីថ្ងៃទី៣ ​ខែមករា ឆ្នាំ២០២៣ ​ទីភ្នាក់ងារសារព័ត៌មាន Xinhua  បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនថា ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិនបានចេញដីកាបង្ក្រាបការផលិត និង លក់ ថ្នាំព្យាបាលជំងឺកូវីដ-១៩ក្លែងក្លាយយ៉ាងតឹងរឹង រួមទាំងឧបករណ៍វេជ្ជសាស្ត្រដែលពាក់ព័ន្ធដូចជា ឧបករណ៍ធ្វើតេស្តជំងឺ ឧបករណ៍វាស់អុកស៊ីហ្សែន និងម៉ាស៊ីនភ្លើងអុកស៊ីសែនដែលគ្នានគុណភាព និងគ្មានស្ដងដាត្រឹមត្រូវដែលកំពុងចរាចរពេញប្រទេស។

ជាមួយគ្នានេះសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈ បានបញ្ជាទៅកាន់កម្លាំងមន្ត្រីប៉ូលិសពាក់ព័ន្ធនៅទូទាំងប្រទេស ត្រូវចុះត្រួតពិនិត្យការផលិត លក់ដុំ និងរាយ នូវឱសថទាក់ទងនឹងជំងឺកូវីដ-១៩ ព្រមទាំងការជួញដូរដែលពាក់ព័ន្ធនៅលើវេទិកាអនឡាញផ្សេងៗ ក៏ដូចជាស្នើសុំឱ្យមន្ត្រីធ្វើការជាមួយនឹងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរកឃើញពីការរំលោភបំពានដែលអាចកើតមានឡើង និងរបាយការណ៍ពីសាធារណជនជាដើម។

ទោះជាយ៉ាងណារដ្ឋាភិបាលក្នុងក្រុង ប៉េកាំងបានសន្យាដូច្នេះថា ខ្លួននឹងយកចិត្តទុកដាក់ បន្តការស៊ើបអង្កេត គ្រប់តំបន់ដើម្បីបំបែកបណ្តាញជួញដូឱសថ និងឧបករណ៍វេជ្ជសាស្ត្រតាមផ្លូវងងឹត និងកាត់ផ្តាច់សង្វាក់ប្រាក់ចំណេញរបស់ជនល្មើសដែលប្រព្រឹត្តិណ៍ទង្វើខុសច្បាប់ឱ្យខានតែបាន៕ ប្រភព៖ dailynews