ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់និងស្រាលដោយគ្រាប់កាំភ្លេីងបន្ទាប់ពីជនសង្ស័យពីរនាក់ដកកាំភ្លេីងខ្លីបាញ់២គ្រាប់ព្រោះខឹងប្រេីក្មេងប្រុសម្នាក់ឱ្យទិញថ្នាំញៀនឱ្យខ្លួនតែទិញមិនបាន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់បានបាញ់១គ្រាប់បណ្តាលឱ្យត្រូវក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ចំជើងម្ខាងចំភ្លៅបៀមក្បាលគ្រាប់ជាប់ ខណៈនោះជនរងគ្រោះក៏បានដើរមកផ្ទះដោយមិនបានប្រាប់ឪពុកម្ដាយនិងបងប្អូននោះទេ ដោយទៅសម្ងំឆ្កឹះក្បាលគ្រាប់ដែលជាប់នៅនឹងភ្លៅដោយខ្លួនឯង ពេលនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញក៏បានធ្វើការសួរនាំ ស្រាប់តែជនរងគ្រោះបានប្រាប់ថាមានជនមិនស្គាល់មុខដែលជាខ្មាន់កាំភ្លើងពីរនាក់បាញ់ប្រហារមកលើរូបខ្លួនដោយមិនប្រាប់ពីមូលហេតុ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅចំណុចទីតាំងកើតហេតុខាងលើផងដែរ។

បើតាមសម្ដីស្ត្រីម្នាក់ដែលត្រូវជាម្ដាយក្មេងប្រុសដែលមានអាយុ១៨ឆ្នាំម្នាក់បានប្រាប់ឱ្យដឹងថា ក្រោយមកជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់នោះបានធ្វើដំណើរដោយថ្មើរជើង បានមកប្រើកូនប្រុសគាត់ឱ្យទៅទិញថ្នាំញៀនឱ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះ ជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតបតទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញធ្វើឱ្យជនសង្ស័យខឹងក៏បានដកកាំភ្លើងខ្លីបាញ់ភ្ជុចដី១គ្រាប់បណ្ដាលឱ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី៥នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាភ្លាមៗ ពេលនោះប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់ប៉ុស្តិ៍នគរបាលដែរ ស្របពេលដែលបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់ ស្រាប់តែសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់ដែលសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលនោះឃើញសមត្ថកិច្ចសួរនាំតែម្នាក់ ចំណែកម្នាក់ទៀតមិនឃើញនៅក្នុងប៉ុស្តិ៍នគរបាល នោះទេ ធ្វើឱ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់កំពុងតែមានការងឿងឆ្ងល់? អ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ គឺប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់កំពុងផ្អើលឈូឆរនៅប៉ុស្តិ៍នគរបាល ស្រាប់តែឃើញបុរសមួយក្រុមកំពុងនាំគ្នាលេងល្បែងស៊ីសង(បៀ) ធ្វើព្រងើយនៅក្នុងសាលាសង្កាត់គោករកា ខណៈដែលប៉ុស្តិ៍នគរបាលនិងសាលាសង្កាត់នៅជាប់គ្នា។

បច្ចុប្បន្នជនសង្ស័យជាខ្មាន់កាំភ្លើងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងចាត់ការទៅតាមផ្លូវច្បាប់៕