បរទេស៖ ប្រជាជនប៉ាគីស្ថានគ្មានការងារធ្វើជាង ៣០,០០០ នាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋានមួយក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ ដើម្បីប្រឡងសរសេរចូលបម្រើការងារជាប៉ូលិស។

កាលពីពេលថ្មីៗកន្លងទៅនេះមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហាញពីបេក្ខជនជាច្រើម៉ឺននាក់បានអង្គុយនៅកីឡដ្ឋាន Jinnah  ដែលជាកីឡដ្ឋានធំជាងគេនៅប៉ាគីស្ថាន។

នេះបើតាមព័ត៌មានពីប៉ូលិសក្រុងអ៊ីស្លាម៉ាបាដ បានឱ្យដឹងថាមានបេក្ខជនមកពីគ្រប់តំបន់ក្នុងប្រទេសប្រទេស ទាំងបុរស និងស្ត្រី មិនតិចជាង ៣២,០០០ នាក់បានមកធ្វើការប្រឡងកាលពីថ្ងៃសៅរ៍ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ខណៈដែលមានមុខតំណែងបើកចំហចំនួន ១,៦៦៧ ត្រូវបានប្រកាស។

ក្នុងនោះពួកគេម្នាក់ៗកំពុងធ្វើការប្រឡង ដោយសង្ឃឹមថានឹងត្រូវបានជ្រើសរើសជាមន្ត្រីប៉ូលិសនៅទីក្រុងអ៊ីស្លាម៉ាបាដនោះផ្ទាល់។

គួរបញ្ជាក់ផងដែរថា យោងតាមវិទ្យាស្ថានប៉ាគីស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (PIDE)បញ្ជាក់ថា ជាង ៣១ ភាគរយនៃយុវជនប៉ាគីស្ថានគ្មានការងារធ្វើ ដោយពាក់កណ្តាលជាស្ត្រី និង ១៦ ភាគរយជាបុរស ហើយពួកគេភាគច្រើនមានសញ្ញាបត្រវិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានោះចំនួនប្រជាជនដែលមានអាយុធ្វើការនៅខាងក្រៅទីផ្សារការងារនៅតែមានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ ដោយក្នុងក្រុមនេះមានទាំង កម្មករ ដែលបាក់ទឹកចិត្តរកការងារធ្វើមិនបាន និងអ្នកដែលមានប្រភពចំណូលផ្សេងទៀត ខណៈពេលដែលអត្រានៃការចូលរួមក្នុងទីផ្សារការងារសម្រាប់ស្ត្រីនៅតែមានកម្រិតទាប បើទោះជារដ្ឋាភិបាលបានចេញនូវគោលនយោបាយ និងវិធានការដើម្បីផ្សព្វផ្សាយក៏ដោយ។

គួរបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបាននឹងកំពុងជំរុញឱ្យមានការជជែកពិភាក្សាអំពីការកើនឡើងនៃភាព អត់ការងារធ្វើក្នុងប្រទេសនេះ បន្ទាប់ពីប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕ ប្រភព៖ pptvhd36