ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃទី៣០ ធ្នូ កន្លងមកថា រដ្ឋាភិបាលជប៉ុនត្រៀមផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារណាដែលផ្លាស់ប្តូរទីលំនៅពួកគេចេញពីក្រុងតូក្យូ ចំនួនខ្ពស់ដល់១លានយេន (ស្មើ៧.៥០០ដុល្លារអាមេរិក) សម្រាប់គ្រួសារមានកូនម្នាក់ ដែលបន្ថែមពីចំនួន៣០០.០០០យេន ។ គោលការណ៍នេះ ជាផ្នែកមួយនៃការព្យាយាមកាត់បន្ថយការប្រមូលផ្តុំប្រជាជននៅក្នុងទីក្រុង ។

តាមប្រភពព័ត៌មានពីរឿងការផ្លាស់ប្តូរទីលំនៅឱ្យដឹងថា ការផ្តល់ប្រាក់នេះ គឺជាការលើកទឹកចិត្តថ្មីដែលស្នើផ្តល់ឱ្យក្រុមគ្រួសារណាស្ម័គ្រចិត្តប្តូរទីលំនៅរបស់ខ្លួន ។ ច្បាប់ថ្មីនេះនឹងយកមកអនុវត្តនាដើមខែមេសា ឆ្នាំ២០២៣ ។

អ្នករស់នៅទីក្រុងតូក្យូ បរិវេណជុំវិញ រួមទាំងខេត្ត Saitama, Chiba និង Kanagawa មានសិទ្ធិទទួលបានប្រាក់ពីការលើកទឹកចិត្តផ្លាស់ប្តូរទីលំនៅនេះ ។ ក្នុងនោះមានក្រុងប្រមាណ១.៣០០ ស្ថិតនៅក្នុងគម្រោងនេះ ។ អ្នកបានទទួលប្រាក់ត្រូវរស់នៅក្រុងស្ថិតក្នុងគម្រោងយ៉ាងតិចរយៈពេល៥ឆ្នាំ ហើយនឹងត្រូវដកប្រាក់មកវិញ បើពួកគេមិនផ្លាស់ទីលំនៅចេញតាមពេលកំណត់ ។ ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់កូនៗអាយុក្រោម១៨ឆ្នាំ ឬកូននៅរៀនថ្នាក់ជិតចប់វិទ្យាល័យ ។

គោលការណ៍លើកទឹកចិត្តថ្មីនេះ នឹងឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់រដ្ឋាភិបាល ដែលគាំទ្រដល់គ្រួសារណាមានកូននៅរៀន ដើម្បីផ្លាស់ប្តូរទីលំនៅ ។ បើគូស្វាមីភរិយាណាមានកូនអាយុក្រោម១៨ឆ្នាំ ចំនួន២នាក់ផ្លាស់ប្តូរទីលំនៅនោះ ហើយចាប់ផ្តើមមុខរបរថ្មីនៅទីតាំងថ្មី ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភខ្ពស់ដល់ទៅ៥លានយេនឯណោះ ។ កន្លងមក មានមនុស្សចំនួន២.៣៨១នាក់បានស្ម័គ្រចិត្តផ្លាស់ចេញពីទីក្រុង ដោយប្រើប្រាស់ប្រាក់ដែលរដ្ឋាភិបាលផ្តល់ឱ្យក្នុងអំឡុងឆ្នាំ២០២១ ៕Japan City Pictures | Download Free Images on Unsplash

ប្រភព ៖ mgronline