បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបជំនាន់ថ្មី និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈស្ថានភាព កាន់តែតានតឹងផ្ទុះឡើងរវាងកូរ៉េទាំងពីរ។

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារ ព័ត៌មាន KCNA បានបញ្ជាក់យ៉ាងដូច្នេះថា លោក គីម ជុងអ៊ុន មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង បានសន្យាថានឹងអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបមួយទៀត ដោយភារកិច្ចចម្បងរបស់មីស៊ីលនេះគឺជាការវាយប្រហារសងសឹកនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ក្រោមផែនការគាំទ្រកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។

បន្ថែមពីនោះអ្នកនាំពាក្យបាន​ឱ្យដឹងបន្ថែមថា លោក គីម ជុងអ៊ុន ក៏នឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងការគំរាមកំហែងដឹកនាំដោយសហរដ្ឋអាមេរិក ខណៈស្ថានភាពកាន់តែតានតឹងបានផ្ទុះឡើងរវាងកូរ៉េខាងជើង និងខាងត្បូងបន្ទាប់ពីមានការបង្ហោះត្រោនពីសំណាក់កូរ៉េខាងត្បូងចូលប្រទេសខ្លួនកាលពីកន្លងទៅថ្មីនេះ។

យ៉ាងណាមិញរបាយការណ៍នេះបានកើតឡើងនៅប៉ុន្មានម៉ោងក្រោយបន្ទាប់ពីប្រទេសផ្ដាច់ការមួយនេះ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ក្នុងការសាកល្បង អាវុធនៅពេលព្រលឹមនៅយប់ថ្ងៃចូលឆ្នាំថ្មី២០២៣។

ដោយឡែកការិយាល័យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងវិញ បានរាយការណ៍យ៉ាងដូច្នេះថា កងទ័ពរបស់កូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីកន្លែងបាញ់បង្ហោះក្នុងតំបន់ Ryeongseong  ទីក្រុងព្យុងយ៉ាង នៅម៉ោង ២ និង ៥០ នាទីព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ដោយកាំជ្រួចនេះមានរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ មុនពេលចុះចតនៅសមុទ្រខាងកើត។

ជាមួយគ្នានោះប្រភពដដែលបានឱ្យដឹងបន្ថែមថា លោកគីម ជុងអ៊ុនបានស្ងើចសរសើរឧស្សាហកម្មការពារជាតិរបស់ខ្លួនសម្រាប់ការចែកចាយប្រព័ន្ធចំនួន ៣០ គ្រឿងដោយហៅវាថាជា “អាវុធដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ស្របពេលដែល ប្រទេសមួយនេះមានឧបករណ៍បាញ់គ្រាប់រ៉ុក្កែតដ៏ធំទំនើបទំហំ ៦០០ មីលីម៉ែត្រ កំពុងតែត្រូវបានសាកល្បង ដែលវាអាចផ្ទុកបាន អាវុធ នុយក្លេអ៊ែរបានផងដែរ បន្ទាប់ពីប្រទេសនេះក៏ធ្លាប់បានបាញ់មីស៊ីលផ្លោងចំនួន ៣ គ្រាប់កាលពីថ្ងៃសៅរ៍កន្លងទៅសម្រាប់ជាកំណត់ត្រាក្នុងការសាកល្បងមីស៊ីល៕ ប្រភព៖ Thairath