ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករានេះ តំំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌រាជធានី ព្រមទាំងអ្នកជំនាញបានចុះមកត្រួតពិនិត្យនិងពិភាក្សាជាមួយនឹងខាងភាគីវត្ត ដើម្បីសាកសួរនិងបញ្ឈប់ការវាយកម្ទេចព្រះចេតិយបុរាណអាយុកាលជាង១០០ឆ្នាំមួយនេះ។ ភាគីទាំងអស់បានឯកភាពទាំងស្រុងជួសជុលព្រះចេតិយបុរាណនេះអោយដូចដើមឡើងវិញ ។
គួរបញ្ជាក់ផងដែរថាមូលហេតុចម្បងរហូតដល់មានការវាយកម្ទេចសំណង់ចេតិយបុរាណនេះ គឺ “ដោយសារសម្តេចព្រះចៅអធិការមានបំណងចង់រៀបចំចាក់រៀបឥដ្ឋការ៉ូឡាជុំវិញព្រះវិហារ តែព្រះសង្ឃនិងគណៈកម្មការវត្តដែលទទួលការងារនេះ ក្តាប់ព័ត៌មានមិនច្បាស់ពីបំណងនៃការរៀបចំទើបមានការវាយប៉ះចំចេតិយបុរាណមួយនេះ” ។ បច្ចុប្បន្នក្រសួងវប្បធម៌បានចាត់ចែងអោយអ្នកជំនាញធ្វើការត្រួតពិនិត្យព្រះចេតិយ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងមាននិតិវិធីផ្លូវច្បាប់ជាបន្តនាពេលខាងមុខទៀត។
យ៉ាងណាមិញមុនពេលវាយកម្ទេច សម្បត្តិផ្សេងៗក្នុងព្រះចេតិយ មានដូចជាព្រះពុទ្ធរូបបុរាណអាយុកាលជាងរយឆ្នាំ គម្ពីរព្រះត្រៃបិដកបុរាណ និង សម្បត្តិផ្សេងដែលម្ចាស់ចេតិយបូជាចំពោះព្រះពុទ្ធសាសនា ត្រូវបានប្រមូលចេញពីចេតិយ។ យើងសង្ឃឹមយ៉ាងមុតមាំថា វត្តនឹងប្រមូលយកសម្បត្តិទាំងនេះប្រគល់ជូនជាតិវិញ ព្រោះរបស់ទ្រព្យទាំងនេះមិនមែនជាសម្បត្តិរបស់សង្ឃឬបុគ្គលណាឡើយ ៕




















