បរទេស៖ ពិតជាគួរឱ្យប្រុងប្រយ័ត្ន ក្រោយករណីកុមារចំនួន១៨នាក់ក្នុងប្រទេសអ៊ូសបេគីស្ថានត្រូវបានស្លាប់ក្រោយ ផឹកទឹកស៊ីរ៉ូក្អកផលិតដោយ ក្រុមហ៊ុនឥណ្ឌា។

នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ ពីក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា កុមារចំនួន១៨នាក់បានស្លាប់បន្ទាប់ពីបានផឹកស៊ី រ៉ូក្អក ប្រភេទ ដែលផលិតដោយក្រុមហ៊ុនផលិតឱសថ Marion Biotechរបស់ឥណ្ឌា។

ជាមួយគ្នានោះសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថានបានរៀបរាប់លម្អិតថា កុមារដែលបានស្លាប់ពួកគេបានផឹកថ្នាំស៊ីរ៉ូក្អកប្រភេទ Dok-១ Max ដែលលក់ក្នុងប្រទេសតាំងពីឆ្នាំ ២០១២ មកម្លេះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងប្រើប្រាស់ជាបន្តបន្ទាប់។

ដោយការប្រើប្រាស់ថ្នាំនេះតម្រូវឱ្យអ្នកជំងឺផឹករយៈពេល ២ទៅ ៧ ថ្ងៃ និង៣ ទៅ៤ ដងក្នុងមួយថ្ងៃជាមួយនឹងចំណុះ ២.៥ ទៅ ៥ មីលីលីត្ររាល់ពេល ដែលវាបានលើសពីបទដ្ឋានដែលកុមារគួរទទួលបាន។ លទ្ធិផលបន្ទាប់ពីការស្រាវជ្រាវគេបានរកឃើញថ្នាំនេះមានផ្ទុកសារធាតុអេទីឡែន Glycol ដែលជាសារធាតុពុល ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបានតម្រូវឱ្យផឹកច្រើនជាងកម្រិតស្តង់ដារ។

យ៉ាងណាមិញក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាមន្ត្រីរបស់ពួកគេបាន ទាក់ទងជាប្រចាំជាមួយអាជ្ញាធរត្រួតពិនិត្យគ្រឿងញៀន និងសាធាតុខុសច្បាប់ជាតិរបស់ប្រទេស អ៊ូសបេគីស្ថាន អំពីបញ្ហានេះចាប់តាំងពីថ្ងៃទី ២៧ ខែធ្នូ កន្លងមក។ ហើយពួកគេកំពុងធ្វើការត្រួតពិនិត្យរោងចក្ររបស់ Marion Biotech ដែលមានទីតាំងនៅ Noida រដ្ឋ Uttar Pradeshប្រទេសឥណ្ឌា ខណៈ នាយក ប្រតិបត្តិនៃក្រុមហ៊ុន Marion Biotech បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានផ្អាកជាបណ្ដោះអាសន្ន ក្នុងការផលិតទឹកស៊ីរ៉ូ ក្អកបែបនេះ  ហើយក្រុមហ៊ុននឹងជួយក្នុងការត្រួតពិនិត្យរបស់រដ្ឋាភិបាលបន្ថែម។

ទោះជាយ៉ាណាសូមបងប្អូនដែលជាពលរដ្ឋខ្មែរគួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការជីវថ្នាំសម្រាប់ព្យាបាលដល់កូនៗដែលមិនដឹងប្រភព និងវេជ្ជបញ្ជាច្បាស់លាស់៕ ប្រភព៖ Thairath