បន្ទាប់ពីធ្វើការគ្រប់គ្រងភ្លើងបានយ៉ាងលំបាកក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែតរួចមក របាយការដំបូងបានបញ្ជាក់ថាមានអ្នកស្លាប់ចំនួន១០នាក់ និងរងរបួស៣០នាក់ ប៉ុន្តែនៅមុននេះបន្តិចមានរបាយការណ៍មួយបានបន្ថែមថាចំនួនអ្នកស្លាប់បានកើនឡើងដល់១២នាក់ និងអ្នករបួសកើនឡើងដល់៥០នាក់ និងបាត់ខ្លួន៨នាក់ ដែលភាគច្រើនជាជនជាតិថៃ។

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានបញ្ជាក់ថា មានគ្រោះអគ្គិភ័យយ៉ាងសន្ទោសន្ធៅបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបង្កជាការភ្ញាក់ជាខ្លាំង និងអាជ្ញាធរក្នុងតំបន់បានធ្វើការចុះគ្រប់គ្រងភ្លើងយ៉ាងប្រញាប់ប្រញាស់ ។

ក្នុងនោះគេដឹងថានៅក្នុងសណ្ឋាគារ និងកាស៊ីណូ Grand Diamond Cityនោះមានមនុស្សប្រហែល៤០០នាក់ ហើយរបាយការដំបូងគេបានបញ្ជាក់ថាមានមនុស្សចំនួន១០នាក់បានស្លាប់ និង៣០នាក់រងរបួស។

ទោះជាយ៉ាងណានៅមុននេះបន្តិចក៏មានរបាយការណ៍បញ្ជាក់បន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១២នាក់ និងរងរបួសចំនួន៥០នាក់ ព្រមទាំងមានអ្នកបាត់ខ្លួនចំនួន៨នាក់ផ្សេងទៀត។ ក្នុងនោះគេបញ្ជាក់ថាជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសភាគច្រើនគឺជាជនជាតិថៃ ហើយអ្នករងរបួសជនជាតិថៃទាំងនោះត្រូវបានបញ្ជូនតាមច្រកអារាញ់ចូលសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះអាជ្ញាធរកំពុងតែឈ្វែងរកពីការខូចខាន និងស្រាវជ្រាវស៊ើបអង្កេតពីមូលហេតុពិតនៃគ្រោះអគ្គិភ័យនេះ៕