រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលក្រុមមន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាង អំពីសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន អាចនឹងវាយប្រហារ ដណ្ដើមកាន់កាប់តៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយឥឡូវ ក្រុងវ៉ាស៊ីនតោន បានប្រញាប់ប្រញាល់ លក់ប្រព័ន្ធប្រឆាំងនឹងរថក្រោះ មានតម្លៃជិត២០០លានដុល្លារ ទៅឲ្យដែនកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

សារព័ត៌មាន The Gazette បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានយល់ព្រមលក់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងរថក្រោះ Volcano (វ៉ូលកាណូ) ទៅឱ្យកោះតៃវ៉ាន់ នៅក្នុងតម្លៃប្រហែល ១៨០លានដុល្លារ។ ចំណែក ក្រុមហ៊ុន Northrup Grumman (ន័រស្រប់ ហ្គ្រូមម៉ែន) និង ក្រុមហ៊ុនសាជីវកម្ម Oshkosh (អូសកូស) គឺជាអ្នកម៉ៅការដ៏សំខាន់ សម្រាប់ការលក់គ្រឿងសឹកទាំងនេះ។

បើតាមសារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២៣ បានកើនឡើង រហូតដល់៨៥៨ពាន់លានដុល្លារ។ កញ្ចប់ថវិកាទាំងនេះ ក៏មានចែង អំពីគោលនយោបាយការពារជាតិ សម្រាប់តៃវ៉ាន់ ផងដែរ។ សកម្មភាពបែបនេះ ជាការបង្ហាញ អំពីការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងកិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិរបស់តៃវ៉ាន់ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។DVIDS - News - Army Reserve unit makes history

ច្បាប់នេះ តម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើនការផ្ទេរគ្រឿងសព្វាវុធដ៏មានសក្ដានុពល បញ្ជូនទៅកាន់កោះតៃវ៉ាន់ ចំពេលមានវិបត្ដិ នៅអ៊ុយក្រែន។ នេះជាលើកទី១ ដែលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ បានបែងចែកហិរញ្ញប្បទាន និង ជំនួយឥតសំណង មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារ សម្រាប់គ្រឿងសព្វាវុធ នៅក្នុងរយៈពេល៥ឆ្នាំ ដោយត្រូវផ្តល់បន្ថែម លើការលក់អាវុធដោយផ្ទាល់ទៅឲ្យក្រុងតៃប៉ិ សម្រាប់ការបញ្ជូនទៅកាន់កោះតៃវ៉ាន់។

លើសពីនេះទៅទៀត ច្បាប់នេះ ក៏បានផ្តល់សិទ្ធិអំណាច ជូនដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចដកហូតគ្រឿងសឹក ចេញពីឃ្លាំងរបស់កងទ័ពសហរដ្ឋអាមេរិក ដែលមានស្រាប់ សម្រាប់ផ្ទេរអាវុធទៅកាន់កោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារ ពីប្រទេសចិន ឬ មានសកម្មភាពឈ្លានពានផ្សេងៗទៀត ប្រឆាំងនឹងដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។ សកម្មភាពនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កំពុងតែធ្វើ សម្រាប់ក្រុងកៀវ ប្រឆាំងនឹងការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

ការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ជួយដល់វិស័យការពារជាតិតៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ ក្រោយពេលក្រុមមន្រ្ដីមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពរំដោះប្រជាជនចិន កំពុងតែបង្កើនសមត្ថភាពយ៉ាងខ្លាំងក្លា សម្រាប់ជំរុញឲ្យប្រទេសមហាយក្សនៅអាស៊ីមួយនេះ មានលទ្ធភាពវាយប្រហារ ឬ ដណ្ដើមយកកោះតៃវ៉ាន់ មកគ្រប់គ្រងដោយខ្លួនឯងវិញ នៅឆ្នាំ២០២៧។The director of the CIA: "The risks of a war in Taiwan will increase in the coming years"

នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក ប៊ីល ប៊ឺនស៍ (Bill Burns) នាយក មជ្ឈមណ្ឌលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) ក៏បានបញ្ជាក់ អំពីការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ កាន់តែខិតចូលមកដល់។ លោកនាយក បានបញ្ជាក់ ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានបញ្ជាឱ្យមេទ័ពរបស់គាត់ ត្រៀមខ្លួន សម្រាប់ការធ្វើសង្រ្គាម នៅក្នុងឆ្នាំ២០២៧។

លោកនាយកទីភ្នាក់ងារ CIA រូបនេះ បានសង្កត់ធ្ងន់ ថា «លោក ស៊ី ជិនពីង បានលើកឡើងជាសាធារណៈ អំពីគោលបំណងរបស់គាត់ ត្រូវតែធ្វើដូច្នេះ ដោយមិនអាចបដិសេធនូវការប្រើប្រាស់កម្លាំងនោះឡើយ។ ប៉ុន្តែយើងដឹង ថា គាត់បានណែនាំដល់មន្រ្ដីយោធាកំពូលៗរបស់គាត់ ឱ្យត្រៀមខ្លួន សម្រាប់ការចាប់ផ្តើមធ្វើសង្រ្គាម នៅឆ្នាំ២០១៧»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4tP7-c726I5zhEVhwjblOFlbg6RI_bqcFpWz6uhDUx7KcpqMZNQU2UFqypXXZr7bCWgk95G-Ke53LN9sfILmT_zzGINO-lHsvldF4VHSijpQnfGG9SR3qtbtW9Qm9XYiFIdlkiwFLHPjbF8nWYadgE_VDytHdSCIvn6wSazUYbOFdSzp3GRHdsr-/s1280/photo_2022-12-29_12-11-01.jpg

ក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ខ្លួន នៅលើកោះតៃវ៉ាន់ ហើយក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ។ ប៉ុន្ដែការវាយប្រហារ ទៅលើកោះតៃវ៉ាន់ អាចនឹងផ្ដល់ការផ្លាស់ប្តូរសន្តិសុខ និង សេដ្ឋកិច្ចដ៏ខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយអនុញ្ញាតឱ្យចិន មានវិសាលភាព គ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់ៗ ហើយឈានដល់ការសម្លុតសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក និង បង្ខិតបង្ខំឲ្យកងទ័ពរបស់សហរដ្ឋអាមេរិក ចាកចេញពីតំបន់ទាំងនោះថែមទៀតផង។

លោក ម៉ាក ម៉ុងហ្គូមេរី (Mark Montgomery) ជាឧត្ដមនាវីកងទ័ពជើងសហរដ្ឋអាមេរិក ដែលបានចូលនិវត្ដន៍ ហើយបច្ចុប្បន្ន ជាមន្រ្ដីជាន់ខ្ពស់ នៃគ្រឹះស្ថានការពារលទ្ធិប្រជាធិបតេយ្យ (FDD) បានឲ្យដឹង ថា កញ្ចប់ជំនួយយោធាចុងក្រោយបំផុតនេះ មានបំណងផ្តល់ឱ្យតៃវ៉ាន់ មានសមត្ថភាពគ្រប់គ្រាន់ ទាន់ពេលវេលា អាចទប់ទល់នឹងការវាយលុក ឬ ឈ្លានពានដ៏ខ្លាំងក្លា ពីកងទ័ពរំដោះប្រជាជនចិន ហើយក៏អនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក អាចបោះមូលដ្ឋានរបស់ខ្លួនយ៉ាងត្រឹមត្រូវ សម្រាប់ការពារដែនកោះមួយនេះផងដែរ។

លោក ស៊ូ តែងឆាង (Su Tseng-chang) នាយករដ្ឋមន្រ្ដីតៃវ៉ាន់ បានបញ្ជាក់ កាលពីពាក់កណ្ដាលខែតុលា កន្លងទៅ ថា កញ្ចប់ថវិកា លើវិស័យការពារជាតិរបស់តៃវ៉ាន់ សម្រាប់ឆ្នាំ២០២៣ កើនឡើង រហូតដល់១២,៩ភាគរយ ដែលស្មើនឹង១៣,០៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvg8I6GsUgs_ESIxHuMjZzlXLKzjgD6dg0jRwxWOVtq6rqUfcyQtyXBeaN6ccQWsCSInVVN_k03cEmMUXeo3Co_QHbCBckq3pvmOPu5G4ibt3BfqF86CAQV1o6c9zv_fhbq9v9XAJMUm2ZHXa7uBHdUT1_dzDPqSXHJTBzyVj_40UMEmCxJrfczp3/s1024/photo_2022-12-29_12-11-01%20(2).jpg