បរទេស៖ ភ្ញៀវក្នុងពិធីជប់លៀងបុណ្យណូអែលក្នុងភោជនីយដ្ឋានទួរគីនៃប្រទេសអង់គ្លេសចំនួន២០០នាក់បានចាប់ផ្ដើមធ្លាក់ខ្លួនឈឺភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយគេរកឃើញថាបណ្តាលមកពីឧស្ម័នកាបូនម៉ូណូអុកស៊ីតធ្លាយ ចូលពេញទាំងក្នុងហាង។

បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានពិធីជប់លៀងបុណ្យណូអែលនៅទីក្រុងឡុងដ៍ ក្នុងភោជនីយដ្ឋានទួរគី Gokyuzu ក្នុង Qingford  ប្រទេសអង់គ្លេស ដោយបានជួបហេតុការដ៏អាក្រក់ បន្ទាប់ពីមនុស្សប្រមាណ ២០០ នាក់ដែលបានចូលរួមក្នុង ពិធីនោះបានធ្លាក់ខ្លួនឈឺ។

ជាមួយគ្នានោះក្រោយពេលកើតហេតុ ពួកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ លើសពីនោះក៏មានការសំណូមពរឱ្យជួយធ្វើសេវាសង្គ្រោះបន្ទាន់ប្រញាប់ ដោយនាំអ្នកជំងឺទៅមន្ទីរពេទ្យជាច្រើន ព្រោះមានជនរងគ្រោះជាច្រើនដែលគេមិនអាចទទួលមើលថែ ក្នុងមន្ទីរពេទ្យតែមួយបាន។

ដំបូងឡើយគេយល់ថាអាចបណ្ដាលមកពីមានអាហារពុល ប៉ុន្តែក្រុមគ្រូពេទ្យបានរកឃើញថានេះគឺជា រោគសញ្ញានៃការពុលកាបូនម៉ូណូអុកស៊ីត ដែលពួកគេបានស្រូបយកឧស្ម័នកាបូនម៉ូណូអុកស៊ីត ច្រើនពេកចូលក្នុងខ្លួន។

បើយោងតាមវេជ្ជបណ្ឌិតបានបន្ថែមថាមាន មនុស្សម្នាក់ៗមានកម្រិតកាបូនឌីអុកស៊ីតក្នុងរាងកាយខុសៗគ្នា បណ្តាលឱ្យមានរោគសញ្ញាផ្សេងៗគ្នា រួមទាំងឈឺក្បាល ចង្អោរ ដួលសន្លប់ និងពិបាកដកដង្ហើម ដែលប្រសិនបើស្រូបចូលក្នុងបរិមាណច្រើនរហូតដល់កម្រិតកាបូនម៉ូណូអុកស៊ីតក្នុងឈាមឡើងខ្ពស់ វានឹងបណ្តាលឱ្យខូចខាតដល់ជាលិកា សរីរាង្គ និងអាចបណ្តាលឱ្យស្លាប់បាន។

យ៉ាងណាមិញ គេជឿថាប្រភពនៃឧស្ម័នកាបូនម៉ូណូអុកស៊ីត គឺជាការធ្លាយចេញពីហាងផ្ទាល់ ដែលធ្វើឱ្យមនុស្សទាំងអស់ក្នុងព្រឹត្តិការណ៍នោះធ្លាក់ខ្លួនឈឺមានអាការដូចពុលចំណី ប៉ុន្តែរហូតមកដល់ពេល នេះមិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានខាងភោជនីយដ្ឋានបញ្ជាក់ទាំងស្រុងទេ៕ ប្រភព៖ Thairath