បរទេស៖ ក្រុមតាលីបង់បានចាប់ខ្លួនស្ត្រី ៥ នាក់ដែលបានចូលរួមក្នុងការតវ៉ានៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការហាមឃាត់ស្ត្រីឱ្យចូលរៀននៅសាកលវិទ្យាល័យ។

នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារក្នុងស្រុកបានឱ្យដឹងថា មានបាតុកររាប់សិបនាក់បានធ្វើការតវ៉ា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងរដ្ឋាភិបាល តាលីបង់ ដែលបានសម្រេចអនុម័តច្បាប់ហាមលែងឱ្យសិស្សស្រីចូលរៀនបន្តក្នុងសកលវិទ្យាល័យបន្តទៀត។

ក្នុងនោះរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបង្ហាញពីស្ត្រីជនជាតិអាហ្វហ្គានីស្ថានប្រហែល ២០ នាក់ដែលស្លៀកពាក់ហ៊ីយ៉ាបកំពុងដើរតាមដងផ្លូវនៃទីក្រុងកាប៊ុល កាន់ស្លាកសញ្ញា និងស្រែកពាក្យស្លោកបង្ហាញពីអារម្មណ៍ប្រឆាំងនឹងការអនុម័តនេះ។

ដំបូងឡើយ ក្រុមនេះគ្រោងនឹងប្រមូលផ្តុំនៅមុខសាកលវិទ្យាល័យកាប៊ុល ដែលជាស្ថាប័នអប់រំធំជាងគេ និងមានកិត្យានុភាពបំផុតរបស់ប្រទេស ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីតាំងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានបញ្ជូនបុគ្គលិកសន្តិសុខជាច្រើននៅទីនោះ។

ទោះជាយ៉ាងណាស្ត្រីជាច្រើននាក់ដែលចូលរួមក្នុងការតវ៉ាបាននិយាយដូច្នេះថា ពួកគេត្រូវបានមន្ត្រី តាលីបង់វាយដំ ខ្លះត្រូវបានចាប់ខ្លួន ហើយស្ត្រីអ្នកតវ៉ាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយ ថា នាងត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចគេចពីការឃុំខ្លួនបាន ស្របពេលដែលអ្នកតវ៉ាម្នាក់ទៀត បានប្រាប់ថាខ្លួនត្រូវបានពួកគេដោះលែង ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតត្រូវបានជាប់ឃុំឃាំង។

គួរបញ្ជាក់ថាសិទ្ធស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានរឹតបណ្ដឹងជាខ្លាំងបន្ទាប់ពីរដ្ឋាភិបាលតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ២០២១៕ ប្រភព៖ Thairath