ប្រទេសថៃ៖ ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយពី ឌីជេស្រីវ័យក្មេងម្នាក់ ត្រូវបានបុរសអាថ៌កំបាំង ហុចកែវស្រាឱ្យផឹក លុះមិនដល់៥នាទីផង ស្រាប់តែនាងដួលសន្លប់កណ្តាលហ្វូងមនុស្សជាច្រើន ដែលមានទាំងការហូរឈាមគ្រប់រន្ធលើដងខ្លួន គួរអោយខ្លាច និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

វាជាការព្រមានសម្រាប់ស្ត្រីទាំងអស់ ដែលតែងតែកម្សាន្តពេលយប់ត្រូវប្រយ័ត្ន ហើយកុំទទួលយកភេសជ្ជៈពីមនុស្សចម្លែក ព្រោះយើងមិនអាចដឹងទេថាមានអ្វីនៅក្នុងភេសជ្ជៈនោះ?

ជាក់ស្ដែងដូចជាករណីនារីជនជាតិថៃដែលជា ឌីជេ(DJ) ក្នុងក្លិបម្សាន្តម្នាក់នាងបានធ្វើការចែករំលែកនូវរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចជាខ្លាំង នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២នេះថា ៖

“នាងជា ឌីជេ(DJ)  នៅក្នុងក្លិបកម្សាន្តមួយកន្លែង ពេលនាងចុះពីស្តង់ឌីជេមានគេហុចភេសជ្ជៈឲ្យផឹកមួយកែវ ដោយមិនចង់ខ្វះសុជីវធម៌ ក៏សម្រេចយកវាទៅផឹកដោយមិនគិតច្រើន ប៉ុន្តែក្រោយពីបានផឹកភេសជ្ជៈ រួចភ្លាម ពុំមានសញ្ញាស្រវឹងអ្វីឡើយ តែមួយសន្ទុះមក មិនដល់ ៥ នាទីផង ខ្លួនក៏បានសន្លប់ដួលបោក ក្បាលនឹងឥដ្ឋ  តែអ្វីដែលគួរឱ្យតក់ស្លុតនោះគឺមានឈាមចេញគ្រប់រន្ធលើរាងកាយ មានទាំងចេញតាមច្រមុះ ត្រចៀក និងមានឡើងជាំឈាមលើជង្គង់ជាដើម។”

តែជាសំណាងល្អក្រោយពីមានអាការនេះកើតឡើងមានមនុស្សនៅទីនោះ រួមទាំងមិត្តប្រុសរបស់នាងផងដែរ ទើបអាចជួយបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យធ្វើការសង្គ្រោះជីវិតទាន់ពេលវាលាដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ  ជាមួយគ្នានោះប្រសិនបើគ្មានមនុស្សច្រើននៅកន្លែងកើតហេតុច្បាស់ជាជនបង្ក នឹងនាំនាងទៅណាក៏មិនដឹង។

យ៉ាងណាមិញនារីរងគ្រោះបានបន្តថា នាងមិនដឹងថាភាគីម្ខាងទៀតដាក់អ្វីចូលក្នុងកែវទេ ព្រោះមានអារម្មណ៍ថាមិនស្រវឹង ដោយប្រសិទ្ធភាពរបស់វាគឺស្រដៀងនឹងថ្នាំស្ពឹកដែលប្រើក្នុងការវះកាត់ វាធ្វើសកម្មភាពយ៉ាងលឿន រហូតខ្លួនមិនចាំអ្វីទាំងអស់ និងបានក្លាយជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចក្នុងជីវិត។

ទោះជាយ៉ាងណាក្រោយពីនារីរងគ្រោះបានចែករំលែងនូវរឿងរ៉ាងផ្ទាល់ខ្លួនរួចមក ក៏មានមហាជនជាច្រើនបានបង្ហើបថា នេះគឺជាប្រភេទគ្រឿងញៀនថ្មីមួយប្រភេទ ដែលមានឥទ្ធិពល ឱ្យមានអារម្មណ៍ មានភាពតានតឹង និងអារម្មណ៍ស្វាហាប់ ឡើងចុះមិនទៀង ប៉ុន្តែវាមិនធ្ងន់ធ្ងររហូតធ្វើឱ្យបាត់បង់ជីវិតឡើយ៕ ​ប្រភព៖ ​Kapook