សុខភាព៖ ទឹកនោមមានក្លិនឆ្អេះបន្តិចបន្តួចគឺជារឿងធម្មតា តែបើទឹកនោមមានក្លិនឆ្អេះខ្លាំងពេកវាអាចជាសញ្ញានៃជំងឺគ្រោះថ្នាក់មួយចំនួនដែលយើងត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ជាមួយគ្នានោះវេជ្ជបណ្ឌិត Niwat Laksanawong នៃមន្ទីរពេទ្យ Charoen Krung Pracharak ទីក្រុងបាងកកនៃប្រទេសថៃ បាននិយាយថាទឹកនោមមានទឹក និងកាកសំណល់ចេញពីតម្រងនោម ផលិតផលកាកសំណល់ទាំងនេះប៉ះពាល់ដល់ក្លិនទឹកនោម ជាទូទៅទឹកនោមមានពណ៌លឿងស្លេកបន្ទិច មានក្លិនជាក់លាក់ដែលមិនខ្លាំងពេកនោះឡើយ។

ក្នុងនោះវាអាចមានការផ្លាស់ប្តូរមួយចំនួននៃក្លិនទឹកនោម វាអាស្រ័យទៅលើកត្តាជាច្រើនដូចជាអាហារ ឬភេសជ្ជៈដែលបានទទួលទាន។

ប៉ុន្តែវាអាចជារឿងមិនធម្មតាប្រសិនបើទឹកនោមរបស់អ្នកមានក្លិនឆួល និងឆ្អេះខ្លាំង ឬ មានក្លិនខុស ប្រក្រតីដែលអាចបង្ហាញពីលក្ខខណ្ឌឬ ជំងឺគ្រោះថ្នាក់​ម​មួយចំនួន។

មូលហេតុនៃជំងឺទឹកនោមមានក្លិនឆ្អេះធម្មតា

១. មូលហេតុនៃក្លិនឆ្អេះក្នុងទឹកនោមដែលបណ្ដាលមកពីកត្តារួមមានភេសជ្ជៈ ឬអាហារមួយចំនួននៅពេលទទួលទានវាអាចប៉ះពាល់ដល់ក្លិនទឹកនោមដូចជា៖ កាហ្វេ ផ្លែខ្នុរ ថ្នាំ ឬ វីតាមីនមួយចំនួន។

២. ការផឹកទឹកតិចនឹងធ្វើឱ្យទឹកនោមរបស់អ្នកប្រមូលផ្តុំកាន់តែច្រើននូវ​​បរិមាណទឹកត្រូវបានកាត់បន្ថយ ប៉ុន្តែកាកសំណល់កើនឡើង ដូច្នេះវាកាន់តែមានក្លិនឆ្អេះខ្លាំង។

មូលហេតុទាំងនេះអាចត្រូវបានដោះស្រាយដោយផឹកទឹកឱ្យបានគ្រប់គ្រាន់ប្រហែល ២ លីត្រក្នុងមួយថ្ងៃ ហើយព្យាយាមសង្កេតខ្លួនឯងប្រសិនបើអ្នកមិនទទួលទានអាហារ ឬភេសជ្ជៈទាំងនេះទេ វានៅតែមានក្លិនទៀតនោះវាអាចជាជំងឺហានីភ័យផ្សេង។

មូលហេតុនៃក្លិនឆ្អេះខ្លាំងនៃទឹកនោមដែលកើតចេញពីរោគសញ្ញានៃជំងឺមួយចំនួនដូចជា

១. ការឆ្លងមេរោគផ្លូវទឹកនោម

២. ជំងឺទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់

៣. ជំងឺថ្លើម

៤. ជំងឺប្លោកនោម ដែលទឹកនោមហូរចូលទៅក្នុងពោះវៀន ឬទ្វាមាស

៥. ជំងឺហ្សែនមួយចំនួន ដែលធ្វើឱ្យរាងកាយមិនអាចរំលាយអាស៊ីតអាមីណូមួយចំនួនបាន ហើយការប្រមូលផ្តុំសារធាតុបែបនេះនៅក្នុងទឹកនោមក្នុងបរិមាណច្រើនរហូតដល់មានក្លិនមិនធម្មតា ក្លិននឹង មើលទៅមានក្លិនឆ្អេះខ្លាំង ឬមានក្លិនដូចទឹកស៊ីរ៉ូ។

ប្រសិនបើទឹកនោមមានក្លិនស្អុយខ្លាំងខុសពីធម្មតា ឬទឹកនោមមានក្លិនស្អុយរួមជាមួយនឹងរោគសញ្ញា ផ្សេងទៀតដូចជា នោមក្រហាយ ទឹកនោមពពុះ ទឹកនោមមានឈាម ក្តៅខ្លួន ឈឺពោះ ឈឺខ្នង ទឹកនោមផ្អែម(អាចជាជំងឺទឹកនោមផ្អែម) ចង្អោរ ក្អួត មានភាពច្របូកច្របល់ក្នុងអារម្មណ៍ និងមានភ្នែកលឿង (អាចជាជំងឺថ្លើម) ជាដើម អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល៕ ប្រភព៖ Sanook