អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រុស្ស៉ីនិងចិននឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងទ័ពជើងទឹករបស់ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា សមយុទ្ធយោធាខាងលើ ដែលតែងតែបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពី២០១២មក នឹងរួមមានការបាញ់មីស៉ីលនិងគ្រាប់ផ្លោងនៅឯសមុទ្រចិនខាងកើត ហើយគោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​យោធាជើងទឹកឱ្យកាន់តែរឹងមាំថែមទៀតរវាងរុស្ស៉ីនិងចិន ក៏ដូចជារក្សាសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក។

បើតាមទីក្រុងមូស្គូ នាវាយោធាចំនួន៤គ្រឿងរបស់ខ្លួន នឹងចូលរួមក្នុងសមយុទ្ធនោះ រួមមានទាំងនាវាចម្បាំងបំពាក់មីស៉ីល វ៉ាយ៉ាគ (Varyag) ខណៈខាងចិននឹងបញ្ជូននាវាយោធាចំនួន ៦គ្រឿងឱ្យចូលរួម។ មិនតែប៉ុណ្ណោះ ក៏នឹងមានវត្តមានយន្តហោះនិងឧទ្ធម្ភាគចក្រ​យោធា របស់ប្រទេសទាំងពីរថែមទៀតផង។

គួរបញ្ជាក់ថា ចាប់តាំងពីខ្លួនបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈមក ទីក្រុងមូស្គូបានព្យាយាមរឹងបន្តឹងចំណងទាក់ទង ផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងឱ្យកាន់តែខ្លាំង ហើយមើលឃើញមេដឹកនាំចិន លោក ស៉ី ជិនពីង គឺជា​សម្ពន្ធមិត្តដ៏សំខាន់បំផុតមួយ ដើម្បីចាប់ដៃគ្នាតទល់ជាមួយក្រុមលោកខាងលិច។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានបង្ហាញក្តីបារម្ភរបស់ខ្លួន ជុំវិញសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន៕