អន្តរជាតិ៖ កូរ៉េខាងជើង បានថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុនថាជាការគំរាមកំហែងដល់បរិយាកាសសន្តិសុខក្នុងតំបន់ អមជាមួយការព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនកំពុងបង្កឱ្យមានវិបត្តិសន្តិសុខធ្ងន់ធ្ងរនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា តាមរយៈការអនុម័តយុទ្ធសាស្ត្រ សន្តិសុខថ្មីមួយ ដែលទទួលស្គាល់ពីសមត្ថភាពវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងប្រទេសដទៃ»

អ្នកនាំពាក្យរូបនេះបន្តទៀតថា បរិយាកាសសន្តិសុខក្នុងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់ជប៉ុនដែលជាទង្វើ បំពានលើធម្មនុញ្ញ UN និងជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ ហើយថាកូរ៉េខាងជើងមានសិទ្ធិដើម្បីចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខស្មុគស្មាញក្នុងតំបន់។

គួរបញ្ជាក់ថា ជប៉ុន កាលពីសប្ដាហ៍មុន បានអនុម័ត «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ» ជាមួយការបង្កើនកញ្ចប់ថវិកាយោធា និងបញ្ចេញផែនការ អភិវឌ្ឍសមត្ថភាពយោធាធំបំផុតមួយ មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក នៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់ និងការភ័យខ្លាំងពី សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕