ឆ្នេរសុខសាន្តរីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរ៉ុង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីរង្វង់មូលតោពីរ។
ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ លាតសន្ធឹងប្រមាណជា ៦០០០ម៉ែត្រ។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខ្សាច់ដ៏វែងនេះ មានភូមិនេសាទតូចមួយដែលត្រូវបានគេឲ្យឈ្មោះថាភូមិសុខសាន្ត។
ឆ្នេរសុខសាន្ត មានបម្រើសេវាកម្មជាច្រើនដូចជាការជួលទូក ជិះគយគន់មច្ឆា ឬក៏ជិះកាយ៉ាក់ទៅកម្សាន្តតាមដៃសមុទ្រនានាជុំវិញកោះរ៉ុងបានថែមទៀតផង។ មិនតែប៉ុណ្ណោះនៅលើកោះនេះក៏មានរីសត ដែលមានតម្លៃសមរម្យ ដែលបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសរចណ៍ថែមមួយគម្រិតទៀត៕










