សុខភាព៖ ពិតណាស់ការទទួលទានដំណេកគឺជារឿងដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតប្រចាំថ្ងៃប្រសិនបើអ្នកមិនអាចទទួលទានដំណេកបានគ្រប់គ្រាន់ទេ នោះអ្នកនឹងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះថ្ងៃនេះសូម​បង្ហាញពីមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាព និងវិធីក្នុងការព្យាបាល៖

លោកវេជ្ជបណ្ឌិត Anongnuch Chawalitthamrong គ្រូពេទ្យឯកទេសនៃមជ្ឈមណ្ឌលពិនិត្យសុខភាព Addlife ក្នុងប្រទេសថៃបានផ្តល់ព័ត៌មានថា ការគេងមិនលក់ពិតជាមិនមែនជាជំងឺទេ ប៉ុន្តែជាបញ្ហានៃការគេងមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការភ្ញាក់ពីដំណេកមិនស្រស់ស្រាយ ដែលប៉ះពាល់ដល់ទំនួលខុសត្រូវការងារ និងទំនាក់ទំនងជាមួយអ្នកដទៃ។

លក្ខណៈនៃការគេងមិនលក់ ដូចជាការគេងមិនលក់ ភ្ញាក់ពីគេងញឹកញាប់ គេងបានរយៈពេលខ្លី ភ្ញាក់ពីព្រលឹម ភ្ញាក់ឡើងមិនស្រស់ស្រាយជាដើម។

មូលហេតុនៃការគេងមិនលក់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា     

១. ភាពតានតឹងអាចបណ្តាលមកពីការងារ ឬបញ្ហាគ្រួសារ

២. ជំងឺផ្លូវកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ មានជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

៣. ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងសម្ពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្តាសាយ ថ្នាំកាត់បន្ថយការតឹងច្រមុះ។

៤.សារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល

៥. លក្ខខណ្ឌ បរិស្ថានជំវិញមិនសមរម្យ ដូចជា សំឡេងខ្លាំង ភ្លើង សីតុណ្ហភាពក្តៅពេក ឬ ត្រជាក់ ពេក

៦. ការផ្លាស់ប្តូរកាលវិភាគនៃការគេងដូចជា ការធ្វើដំណើរ ការផ្លាស់ប្តូរការងារយប់ និងថ្ងៃ

៧. កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អរម៉ូនភេទ

៨. ​កង្វះសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B៥ និង tryptophan ជាដើម។

ដំណោះស្រាយការគេងមិនលក់

១. ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃ

២. ជៀសវាងតែ កាហ្វេ ជាតិនីកូទីន អាល់កុល

៣. ហាត់ប្រាណជាប្រចាំ ជៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង

៤.កុំទទួលទានអាហារច្រើនៗមុនពេលចូលគេង

៥. ហាមធ្វើកិច្ចការនៅលើគ្រែ

៦. គួរធ្វើឱ្យបរិយាកាសបន្ទប់គេងសមស្រប ស្ងប់ស្ងាត់ ងងឹត មិនក្តៅពេក ឬត្រជាក់ពេក

៧. អាចសម្រាកមុនពេលចូលគេងដោយអានសៀវភៅ ស្តាប់តន្ត្រី

ក៏ប៉ុន្តែក្នុងករណីដែលរាងកាយចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន ការអនុវត្តខាងលើនេះប្រហែលជាមិនទទួលបានការប្រសើរឡើងទេ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យ ដោយត្រូវតែចាប់ផ្តើមស្វែងរកមូលហេតុ និងព្យាបាលជាពិសេស៕ ប្រភព៖ Sanook