ប្រទេសថៃ៖ ថៃបានព្រមានដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្ន ហាមមិនឱ្យផឹកស្រាឬអាល់កុលដើម្បីធ្វើឱ្យកម្ដៅរាងកាយនារដូវរងានេះ ព្រោះប្រសិនបើអ្នកផឹកហើយរាងកាយនឹងមានកម្ដៅរយៈពេលខ្លី នោះវានឹងចាប់ផ្ដើមចុះត្រជាក់មកវិញ ហើយនឹងធ្វើឱ្យកម្ដៅថយលឿន ខូចសរីរាង និងអាចបណ្តាលឲ្យស្លាប់បាន។

នាពេលថ្មីៗកន្លងទៅនេះវិទ្យាស្ថានជាតិ Boromarajonani សម្រាប់ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (NSO) នាយកដ្ឋានសេវាវេជ្ជសាស្រ្ដនៃប្រទេសថៃ បានព្រមានពីគ្រោះថ្នាក់នៃការផឹកស្រារបស់ប្រជាជនថៃ នៅតំបន់មួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំង ដូចជាភាគខាងជើង និងភាគឦសាន ដោយជ្រើសរើសការផឹកស្រាដើម្បីការបំបាត់ជំងឺផ្តាសាយ និងអាកាសធាតុត្រជាក់ ដែលវាអាចបណ្ដាលឱ្យស្លាប់បាន។
ជាទូទៅក្នុងរដូវរងាជារៀងរាល់ឆ្នាំក្រុមមនុស្សមួយចំនួននៅតំបន់ភាគខាងជើង ភាគឦសានមានជំនឿដោយការផឹកស្រា ព្រោះពួកគេជឿថាវាអាចធ្វើឱ្យរាងកាយមានភាពកក់ក្តៅ និងបន្ថយភាពត្រជាក់ ដូច្នេះប្រជាជននៅទីនោះគេនិយមផឹកស្រាក្នុងរដូវរងា ដែលជាជំនឿខុសហើយអាចមានគ្រោះថ្នាក់ដល់ស្លាប់។
ពិតណាស់ការផឹកស្រាវានឹងធ្វើឱ្យសរសៃឈាមរួមតូចៗ នៅក្រោមស្បែករីកធំ ហើយនឹងធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែបន្ទាប់មករាងកាយនឹងចុះត្រជាក់លឿនជាងមុន ដែលបណ្តាលឱ្យ មានការថយចុះកម្តៅយ៉ាងលឿន ដែលនាំឱ្យសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ និងនាំឱ្យខូចសរីរាង្គក្នុងរាងកាយ ហើយនៅពេលដែលយើងងងុយគេងរាងកាយរបស់យើងទទួលខ្យល់ត្រជាក់ ប្រសិនបើមិនមានសម្លៀកបំពាក់កក់ក្តៅគ្រប់គ្រាន់ អាចបណ្តាលឱ្យស្លាប់។
បន្ថែមពីនោះនារដូវរងានេះរាងកាយរបស់អ្នកត្រូវបានប៉ះពាល់នឹងអាកាសធាតុត្រជាក់យូរមកហើយ នឹងធ្វើឱ្យរាងកាយខ្វះជាតិទឹក ហើយដំណើរការខុសប្រក្រតីនៃបេះដូង ប្រព័ន្ធឈាមរត់មានលក្ខណៈមិនធម្មតា ដូច្នេះការទទួលទានគ្រឿងស្រវឹងមានឱកាសខ្ពស់នៃការស្លាប់អាចកើតឡើង។

ទោះជាយ៉ាងណានាយកដ្ឋានសេវាវេជ្ជសាស្រ្ដ ក៏បានបន្ថែមថានារដូវរងានេះដើម្បីបន្ថែមកម្ដៅដល់រាងកាយអ្នកគួរតែ ប្តូរទៅធ្វើលំហាត់ប្រាណ ឬរៀបចំសម្លៀកបំពាក់សម្រាប់រាងកាយរបស់អ្នក ហើយសម្រាប់ជំនឿដែលថាគ្រឿងស្រវឹងជួយបន្ថយភាពត្រជាក់គឺជាការយល់ខុស៕ ប្រភព៖ PRD











