បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងការបាក់ដីដែលបានកំទេចជំរុំកម្មករកសិដ្ឋាន នៅតំបន់ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងកូឡាឡាំពួរនៃប្រទេស ម៉ាឡេស៊ី នាថ្ងៃ ទី១៦ ខែ ធ្នូ ឆ្នាំ២០២២ នេះថា ភ្នាក់ងារពន្លត់អគ្គិភ័យ និង សង្គ្រោះបន្ទាន់ក្នុងរដ្ឋ Selangor ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី បានបង្ហាញពីរបាយការណ៍នៃសោកនាដកម្ម​ពីការបាក់ដីនាព្រឹកព្រលឹមថ្ងៃសុក្រនេះ។

ទន្ទឹមនឹងការបាក់នេះវាបានបង្កការខូចខាតកន្លែងស្នាក់នៅដែលជាជុំរុំកម្មករកសិដ្ឋានដែលជាកម្មករកសិកម្មសរីរាង្គ មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីភ្នំដែលបាក់។ បន្ថែមពីនោះរបាយការក៏បានបញ្ជាក់ផងដែរថា ហេតុការនេះបានបង្កឱ្យមានមនុស្សយ៉ាងហោចណាស់ចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២០នាក់ផ្សេងទៀតបានបាត់ខ្លួន និងស្ថិតក្នុងការស្វែងរក និងមានមនុស្សរងរបួសចំនួន ៨នាក់ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែលពលរដ្ឋក្នុងតំបន់ចំនួន៥៩នាក់ត្រូវបានជួយសង្គ្រោះទៅកាន់ទីមានសុវត្ថិភាព។

គួររំលឹកថាកាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយវាគ្របដណ្តប់យ៉ាងហោចណាស់រដ្ឋចំនួន ៧ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៤ នាក់បានស្លាប់និងមនុស្សជាង ២១,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ៕ ប្រភព៖ Dailynews