រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធថាមពល និង សំណង់អគារស៊ីវិល ដែលជាជម្រករបស់ប្រជាជនអ៊ុយក្រែន នៅក្នុងរដូវរងានេះ ហើយគួបផ្សំនឹងការអំពាវនាវយ៉ាងទទួច ពីរដ្ឋាភិបាលក្រុងកៀវ ផងនោះ សហរដ្ឋអាមេរិក មានគម្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងពេលដ៏ឆាប់នេះ។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា បើតាមមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) នឹងសិក្សាបញ្ចប់គម្រោង អំពីការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot (ផេទ្រីយ៉ូត) ទៅកាន់ប្រទេសអ៊ុយក្រែន។ គម្រោងនេះ អាចនឹងត្រូវប្រកាស នាពេលឆាប់ៗ នៅសប្ដាហ៍នេះ។

មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក ចំនួន៣រូប បានប្រាប់ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា គម្រោងរបស់មន្ទីរបញ្ចកោណ នឹងនៅតែមានការចាំបាច់បំផុត ទទួលការអនុញ្ញាត ពីលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ មុននឹងបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា។ គម្រោងនេះ ក៏រំពឹង ថា នឹងទទួលបានការអនុញ្ញាត នាពេលឆាប់ៗនេះ។

អ៊ុយក្រែន កំពុងតែអំពាវនាវ ដល់សហរដ្ឋអាមេរិក សុំឲ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបាញ់ រយៈចម្ងាយឆ្ងាយ ហើយវាមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់មីស៊ីលបាលិ្លស្ទីក (Ballistic Missle) និង មីស៊ីលគ្រូសរបស់កម្លាំងទាហានរុស្ស៊ី វាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពាសពេញប្រទេស។ Patriot នឹងក្លាយជាប្រព័ន្ធសព្វាវុធការពារ រយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុត ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយវានឹងជួយធានាដល់សន្ដិសុខដែនអាកាស សម្រាប់ប្រទេសជាសមាជិកណាតូ នៅតំបន់អឺរ៉ុបខាងកើតផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ អំពីប្រភេទឧបករណ៍បាញ់មីស៊ីលចម្រុះ ត្រូវបានបញ្ជូនទៅកាន់នអ៊ុយក្រែន នោះដែរ ប៉ុន្ដែគេគ្រាន់តែដឹងថា វាជាប្រព័ន្ធការពារដែនអាកាស Patriot រួមទាំងប្រព័ន្ធរ៉ាដា ដែលអាចតាមដាន និង កំណត់គោលដៅ កុំព្យូទ័រ ឧបករណ៍បង្កើតថាមពល ស្ថានីយគ្រប់គ្រង។ ចំណែកការបញ្ជូនប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាសប្រភេទនេះ នឹងកើនឡើង រហូតដល់៨គ្រឿង ដោយក្នុងមួយគ្រឿងៗ អាចបាញ់មីស៊ីល ចំនួន៤គ្រាប់។

ក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក បានបន្ថែម ថា ក្រោយពេលការសិក្សា អំពីគម្រោងនេះ ត្រូវបានបញ្ចប់នោះ ប្រព័ន្ធការពារ Patriot ត្រូវបានគេរំពឹង ថា នឹងដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកកងទ័ពអ៊ុយក្រែន ក៏នឹងទទួលបានការបណ្តុះបណ្តាល អំពីរបៀបប្រើប្រាស់ Patriot នេះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Grafenwoehr (ហ្ក្រាហ្វែនវ៉ូ) ប្រទេសអាល្លឺម៉ង់ ផងដែរ៕