បរទេស៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កាសែត The Daily Star បានយការណ៍ថា កីឡាករបាល់ទាត់លំដាប់កំពូលរបស់អ៊ីរ៉ង់ម្នាក់ កំពុងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់ត្រូវបាន “បង្ខំ” ឱ្យសារភាពតាមទូរទស្សន៍ទាក់ទងនឹងការធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និងសេរីភាពក្នុងប្រទេសថាមិនសមរម្យ។

ទាក់ទងនឹងបញ្ហាខាងលើ សហព័ន្ធកីឡាករបាល់ទាត់ FIFPRO បានបង្ហោះសារកាលពីយប់ថ្ងៃចន្ទ ទី១២ ខែធ្នូនេះ ថា FIFPRO ពិតជាមានការភ្ញាក់ផ្អើល និងខកចិត្តចំពោះរបាយការណ៍ដែលថាកីឡាករបាល់ទាត់អាជីពលោក Amir Nasser-Azadani ប្រឈមនឹងការប្រហារជីវិតនៅអ៊ីរ៉ង់បន្ទាប់ពីលោកធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និង សេរីភាពជាមូលដ្ឋានក្នុងប្រទេស ឈរក្នុងសាមគ្គីភាព ហើយអំពាវនាវឲ្យដក ទណ្ឌកម្មចេញភ្លាមៗ។

ជាមួយគ្នានោះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Iran Wire ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ សំខាន់របស់ប្រទេសនេះបានបន្ថែមថា ប្រព័ន្ធតុលាការនៃសាធារណរដ្ឋអ៊ីស្លាមគ្រោងនឹងព្យួរកកីឡាករបាល់ទាត់វ័យ ២៦ ឆ្នាំរូបនេះ បន្ទាប់ពីលោក Nasser-Azadani ដែលជាជនជាប់ចោទ និងពីរនាក់ទៀតបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ពួកគេត្រូវបានគេឱ្យអានការសារភាពដែល “បង្ខំ” ពីអាជ្ញាធរ។

គួរបញ្ជាក់ផងដែរថាប្រទេសអ៊ីរ៉ង់កំពុងជួបប្រទះការតវ៉ាទូទាំងប្រទេស មូលហេតុគឺបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ ២២ ឆ្នាំ ខណៈពេលដែលនាងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលីសនៅក្នុងខែកញ្ញាកន្លងទៅ ហើយនាងត្រូវបានឃុំខ្លួនដោយការចោទប្រកាន់ថាបានបំពានច្បាប់តឹងរ៉ឹងទាក់ទង នឹងការគ្របក្បាលរបស់ស្ត្រី៕ ប្រភព៖ Sanook