ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់កម្ពុជាបានបញ្ជូនក្រុម Impunity KH លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang មួយប៉ុណ្ណោះ និងឈ្នះមេដាយសំរឹទ្ធផ្លូវការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កីឡាអេឡិចត្រូនិកកម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ស្របពេលដែលវិញ្ញាសា Mobile Legends: Bang Bang កំពុងរីកចម្រើននៅកម្ពុជា។ ក្រុម Impunity KH របស់កម្ពុជាឆ្លងកាត់៤ប្រកួតគឺឈ្នះ២ប្រកួត និងចាញ់២ប្រកួត។

ប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២-០, ប្រកួតលើកទី២ ឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ឥណ្ឌូនេស៊ី ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ និងបន្តចាញ់ហ្វីលីពីន ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនៅកម្រិតទាប ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ គឺមេដាយសំរឹទ្ធ ជាមួយប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក ខណៈឥណ្ឌូនេស៊ីឈ្នះមេដាយមាសទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ និងហ្វីលីពីនទទួលបានមេដាយប្រាក់ជាមួយប្រាក់រង្វាន់៣ម៉ឺនដុល្លារ៕